Social Icons

twitterfacebookgoogle pluslinkedinrss feedemail

Thursday, April 14, 2011

សុភាសិតទី៤៦

ខ្ញី​កាន់​តែ​ចាស់​កាន់​តែ​ហឹរ

 

និយមន័យៈ គុណសម្បត្តិ​អ្នក​នយោបាយ​ជើង​ចាស់​ដែល​មាន​ចំណេះ​ដឹង​ខ្ពស់ 

អត្ថាធិប្បាយ

អត្ថានុរូប

ធម្មតា មើម​ខ្ញី​ពេល​ចាស់​យូរ​ទៅ វា​កាន់​តែ​មាន​រសជាតិ​ហឹរ​ខ្លាំង ទោះ​បី​វា​ក្រៀម​ស្វិត រឹង​ក្រញង់​ក៏​ដោយ​ក៏​នៅ​តែ​រក្សា​គុណភាព​របស់​វា ហឹរ​ល្អ​ដដែល  បើ​ត្រូវ​យក​ធ្វើ​ថ្នាំ ក៏​គេ​រើស​យក​ខ្ញី​ចាស់ៗ​ដែរ  ហេតុ​នេះ​ហើយ​បាន​ជា​លោក​ពោល​ថា ខ្ញី​កាន់​តែ​ចាស់​កាន់​តែ​ហឹរ 

អត្ថប្បដិរូប

អ្នកបច្ចេកទេស វិស្វករ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត បណ្ឌិត អ្នក​នយោបាយ ។ល។ ដែល​មាន​ចំណេះ​ដឹង​ខ្ពស់ មាន​ទេព្យកោសល​ខ្ពស់  កាលណា​ធ្វើការ​ជា​រាល់​ថ្ងៃ ជា​យូរ​ទៅ ឬ​កាន់​តែ​ចាស់​ទៅ កាន់​តែ​មាន​បទពិសោធន៍​ខ្ពស់ ដោយសារ​អស់​លោក​ទាំង​នេះ​ធ្លាប់​ឆ្លង​កាត់​ការងារ​ជាច្រើន​ក្នុង​ជីវិត​របស់​គាត់  ព្រោះ​ការងារ​ហ្នឹង​ហើយ​ដែល​បង្រៀន ដែល​បង្វឹក​ឲ្យ​គាត់​កាន់​តែ​ចេះ​ល្បិច​កិច្ចការ​បាន​ប្រសើរ​ឡើង​កាន់​តែ​យល់​ច្រើន​ឡើង 

រីឯ​អ្នក​នយោបាយ​ដែល​មាន​ចំណេះ​វិជ្ជា​ខ្ពស់ សមត្ថភាព​ខ្ពស់ កាលណា​ធ្វើ​នយោបាយ​កាន់​តែ​យូរ​ទៅ​កាន់​តែ​មាន​បទពិសោធន៍ ល្បិច​កល​ច្រើន​ដែល​គេ​ហៅ​ថា អ្នក​នយោបាយ​ជើង​ចាស់ មាន​សមត្ថភាព​គ្រប់គ្រាន់ ដូច​ខ្ញី​កាន់​តែ​ចាស់​កាន់​តែ​ហឹរ អីចឹង​ដែរ  គឺ​គេ​មាន​មធ្យោបាយ​ដឹកនាំ​ប្រទេស​ឲ្យ​ដើរ​ទាន់​សភាពការណ៍​សកល​លោក គ្រប់​ចង្វាក់​នយោបាយ​អន្តរជាតិ ។ ប្រសិនបើ​មាន​អតិផរណា​កើត​ឡើង គេ​មាន​សមត្ថភាព​គ្រប់​គ្រាន់​នឹង​ទប់​ស្កាត់ បើ​មិន​បាន​មួយ​រយ​ភាគ​រយ​ក៏​ក្បែរៗ​ដែរ 

ឯ​អ្នក​នយោបាយ​ដែល​គ្មាន​ចំណេះ​វិជ្ជា​ជា​មូលដ្ឋាន មាន​តែ​អំនួត និង​វោហារ​ប្រាជ្ញា​ព្រោក​បែក​ពពុះ​មាត់ ទោះ​ធ្វើ​នយោបាយ​មួយ​រយ​ឆ្នាំ​ ប្រទេស​ជាតិ​ក៏​គ្មាន​រីក​ចម្រើន​ដែរ 

ដោយឈូកខ្មែរ

0 comments:

Post a Comment

 
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks