និយមន័យៈ ប្រពៃណីទំនៀមទម្លាប់ខ្មែរក្នុងការស្ដីដណ្ដឹង ។
អត្ថាធិប្បាយ
ក្រមុំដណ្ដឹងម្ដាយ
តាំងពីបុរាណកាលមក ប្រពៃណីទំនៀមទម្លាប់ខ្មែរតម្រូវឲ្យមានការចូលស្ដីដណ្ដឹងស្ត្រីក្រមុំដល់មេបាចាស់ទុំគឺ ម៉ែ‑ឪ ដែលភាសាបច្ចេកទេសថាចូល «ចែចូវ» ។ ស្ត្រីក្រមុំក្នុងសង្គមខ្មែរពុំមានសិទ្ធិសម្រេចក្នុងការរើសគូស្រករដោយខ្លួនឯងឡើយ ។ ព្រោះគេយល់ថា នាងជាស្ត្រីវ័យក្មេងពុំទាន់បានយល់ការណ៍រាក់ជ្រៅនៅក្នុងជីវភាពគ្រួសារនៅឡើយ ។ ម្យ៉ាងទៀត កូនក្រមុំគេទុកជាកិត្តិយសល្អ ប្រសើរដូចផ្ការីក ចេកទុំ ។ ដូច្នេះ ឪពុកម្ដាយជាអ្នកមានសិទ្ធិសម្រេចគ្រប់បែបយ៉ាងក្នុងការជ្រើសរើសគូស្រករឲ្យកូន ។
ចែចូវ ៖ ចែឲ្យដល់ម៉ូល ចូវឲ្យដល់អូល (ចូលឲ្យដល់ម៉ែ ចូលឲ្យដល់ឪ)
ចែចូវ ៖ បរិវាស័ព្ទ ចូវ គន្លាស់បានជា ចូវដើម្បីបែកផ្លែ (ចែដើម្បីបើកផ្លូវ, បើកផ្លូវស្ទង់ស្ថានការណ៍)
មេម៉ាយដណ្ដឹងចិត្ត
ស្ត្រីមេម៉ាយ គឺស្ត្រីដែលធ្លាប់មានប្ដីរួចម្ដងហើយៗបាត់បង់ប្ដីដោយប្រការណានីមួយ ។ ដូច្នេះ គេយល់ថាស្ត្រីមេម៉ាយនេះចាស់ចិត្តចាស់គំនិតអាចដឹងអាចយល់ពីកិច្ចការណ៍រាក់ជ្រៅ និងមានបទពិសោធន៍ក្នុងជីវភាពគ្រួសាររួចហើយ ។ ឪពុកម្ដាយ ឬអាណាព្យាបាលហាក់ដូចជាបើកសិទ្ធិសម្រេចឲ្យដល់កូនដែលមេម៉ាយក្នុងការជ្រើសរើសគូស្រករថ្មីដោយខ្លួនឯង ។ ដូច្នេះ បុរសណាដែលពេញចិត្តចង់ភ្ជាប់និស្ស័យនឹងនាង គេមិនបាច់ចូលទៅដល់ឪពុកម្ដាយ ឬអាណាព្យាបាលដូចកាលនាងនៅក្រមុំនោះឡើយ ។ គឺគេចូលសួរផ្ទាល់ខ្លួននឹងនាងដោយត្រង់ៗតែម្ដង ។ ប្រសិនបើនាងយល់ព្រមហើយ ទើបគេចូលស្ដីដណ្ដឹងដល់ម៉ែឪជាក្រោយ ។ នៅពេលនេះ ឪពុកម្ដាយអស់មានសិទ្ធិសម្រេចជាយ៉ាងណាហើយ គឺគ្រាន់តែមានសិទ្ធិជួយជាយោបល់ និងជួយសម្រួលឲ្យសមរម្យប៉ុណ្ណោះ ។
ប៉ុន្តែចំពោះកូនស្រីដែលមេម៉ាយក្មេងវ័យពេក ឪពុកម្ដាយក៏បានយកមកចិញ្ចឹមថែរក្សាដូចកាលនៅក្រមុំនោះ ឪពុកម្ដាយក៏នៅតែមានសិទ្ធិសម្រេចដូចកាលនាងនៅក្រមុំដែរ ៕
ដោយឈូកខ្មែរ
0 comments:
Post a Comment