Social Icons

twitterfacebookgoogle pluslinkedinrss feedemail

Tuesday, April 26, 2011

សុភាសិតទី១១៨

កុំទុកចិត្តមេឃ កុំទុកចិត្តផ្កាយ កុំទុកចិត្តប្រពន្ធថាឥតសាហាយ កុំទុកចិត្តម្តាយ
ថាឥតបំណុល
អត្ថាធិប្បាយ
            អ្នកដែលសរសេរដំបូន្មាននេះប្រហែលជាមានពិសោធន៏ច្រើនក្នុងជីវិតរបស់គេ ទើបបានជាសរសេរពាក្យនេះទុកជាមេរៀនសម្រាប់មនុស្សជាន់ក្រោយ។
            ហេតុអ្វី បានជាគេមិនឲ្យទុកចិត្តមេឃ?
            រឿងមេឃគឺជារឿងទាក់ទងនឹងភ្លៀង ក្តៅត្រជាក់ ខ្យល់និងព្យុះ ។ រឿងទាំងនេះឥតមានអ្នកណាដឹងប្រាកដជាមុនទេ ទោះបីសម័យនេះ មានឧបករណ៏ទំនើបសម្រាប់ពិនិត្យដឹងជាមុនយ៉ាងណាក៏ដោយ ក៏ជូនកាលខុសទទេ ។
            ប្រពន្ធ ឬប្តីរស់នៅជាមួយគ្នារាល់ថ្ងៃ ជួនកាលប្រែជាផិតក្បត់ លបលួចមានសាហាយ ក៏មានព្រោះថា ចិត្តមនុស្សទូទៅ មិនសូវខុសគ្នាប៉ុន្មានទេ កាលណាឃើញអ្នកណាម្នាក់ដែលស្រស់ជាង សង្ហាជាង ចេះជាង ។ល។ តែងមានទឹកចិត្តស្ទុះកញ្ជ្រោលទៅរកអ្នកនោះ ។ ជួនកាលសុបិន្តរបស់គេ អាចក្លាយជាពិត ជួនកាល បានត្រឹមតែលួចស្រឡាញ់ ។ នេះជារឿងធម្មតារបស់មនុស្ស ដែលមានឋានៈ ជាបុថុជ្ជន ។ប្រហែលជាមានមនុស្សតិចគ្នាណាស់ ដែលមានភក្តី ភាព ដូច "នាងកង្រី" ទៅលើគូជីវិត​ របស់ខ្លួន ។
            ម្តាយឪពុករបស់យើងក៏ជាមនុស្សដូចអ្នកឯទៀតដែរ គឺថាមិនមែនមាន គ្រប់គ្រាន់គ្រប់ពេលវេលានោះទេ ។ គាត់អាចនឹងមានបំណុល ។កុំជឿទុកចិត្ត ថាគ្មាននោះឲ្យសោះ ។
            អ្នកអានគួរពិចារណារកការពិតទៅតាមគំនិតរបស់ខ្លួន។ សុភាសិតនេះមិនមែននិយាយទំលាក់កំហុស ឬចោទប្រកាន់ថាមនុស្សទាំងអស់ សុទ្ធតែផិតក្បត់គ្នា ឬសុទ្ធតែមានបំណុលនោះ មិនមែនទេ ។

(រសជាតិភាសាខ្មែរ)

0 comments:

Post a Comment

 
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks