Social Icons

twitterfacebookgoogle pluslinkedinrss feedemail

Thursday, April 14, 2011

សុភាសិតទី៣៧

ខ្លួន​ទីពឹង​ខ្លួន

 

និយមន័យៈ ខ្លួន​ឯង​ជា​ទីពឹង​របស់​ខ្លួន​ឯង 

អត្ថាធិប្បាយ

ព្រះពុទ្ធ​បរមគ្រូ​ជា​ម្ចាស់​ទ្រង់​ត្រាស់​ថា «អត្តា ហិ អត្តនោ នាថោ» មាន​តែ​ខ្លួន​ឯង​ទេ​ដែល​ទីពឹង​របស់​ខ្លួន ។ ព្រះពុទ្ធ​ភាសិត​នេះ បញ្ជាក់​ឲ្យ​ឃើញ​ថា គ្រប់​សកម្មភាព ទោះ​ខាង​ផ្លូវ​កាយ​ក្ដី ផ្លូវ​ចិត្ត​ក្ដី រមែង​មាន​ខ្លួន​ឯង​ជា​ប្រធាន​ទាំង​អស់  ចំណែក​អ្នក​ក្រៅ​ពី​ខ្លួន​គ្រាន់​តែ​ជា​ជំនួយ​រួម​ផ្សំ​សម្រាប់​ខ្លួន​ធ្វើ​ជា​ឧបករណ៍​ប៉ុណ្ណោះ 

ផ្នែក​ផ្លូវ​ចិត្ត

ព្រះពុទ្ធ​អង្គ​ទ្រង់​ត្រាស់​បញ្ជាក់​ថា ការ​ទៅ​ចាប់​កំណើត​ជា​ថ្មី​ទៀត​ក៏​អាស្រ័យ​លើ​កុសល​ធម៌​ដែល​ខ្លួន​បាន​សាង​នោះ​ឯង​ជា​ទីពឹង  អ្នក​ដទៃ​ក្រៅ​ពី​ខ្លួន​ពុំ​អាច​ជា​ទីពឹង​ពំនាក់​អាស្រ័យ​បាន​ទេ  សម​ដូច​ពុទ្ធ​ភាសិត​ពោល​ថា «កោ ហិ នាថោ បរោ សិយា» ។ ព្រោះ​ថា ចិត្ត​ជា​កុសល​ក្ដី អកុសល​ក្ដី សម្រេច​ឡើង​កើត​ឡើង​ពី​ខ្លួន​ឯង​ទាំង​អស់ 


ផ្នែក​ផ្លូវ​កាយ

បើ​ខ្លួន​ពុំ​មាន​អត្តភាព​ជា​ខ្លួន​ទេ តើ​មាន​អ្វី​ជា​ទីពឹង​របស់​ខ្លួន ។ ខ្លួន​អាស្រ័យ​បាយ​ខ្លួន​ឯង ខ្លួន​ក៏​ត្រូវ​ឆ្អែត​ខ្លួន​ឯង ដែល​នឹង​ពឹង​អ្នក​ដទៃ​ឲ្យ​អាស្រ័យ​បាយ​ជំនួស​រួច​ឲ្យ​ឆ្អែត​ខ្លួន​ឯង គឺ​ពុំ​មាន​ឡើយ 
ឪពុក​ម្ដាយ​ជា​អ្នក​ឲ្យ​កំណើត និង​ជា​អ្នក​ចិញ្ចឹម​ជីវិត​ឲ្យ​រស់​ គ្រាន់​តែ​ជា​ឧបករណ៍​សម្រាប់​ទ្រទ្រង់​ឲ្យ​មាន​អត្តភាព​គង់​នៅ ។ ដូច​នេះ គ្រប់​សកម្មភាព គឺ​ខ្លួន​ឯង​ជា​អ្នក​ធ្វើ​ដើម្បី​ឲ្យ​ជា​ទីពឹង​ដល់​ខ្លួន​ឯង  បើ​ខ្លួន​ឯង​មិន​ធ្វើ ឈ្មោះ​ថា ពំនឹង​សម្រាប់​ខ្លួន​ពុំ​មាន 
សរុប​សេចក្ដី​មក ខ្លួន​ជា​ទីពឹង​របស់​ខ្លួន អ្នក​ដទៃ​ក្រៅ​ពី​ខ្លួន​ គឺ​ជា​ឧបករណ៍ 

ដោយឈូកខ្មែរ

0 comments:

Post a Comment

 
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks