Social Icons

twitterfacebookgoogle pluslinkedinrss feedemail

Friday, April 15, 2011

សុភាសិតទី៥៧



និយមន័យៈ និទណ្ឌភាព​របស់​អ្នក​ខ្លាំង និង​ភាព​រងគ្រោះ​របស់​អ្នក​ខ្សោយ 

អត្ថាធិប្បាយ

សុភាសិត​នេះ​ពុំ​មាន​ន័យ​យោល​ទៅ​ផ្នែក​អត្ថានុរូប​ទេ គឺ​មាន​ន័យ​ជា​អត្ថប្បដិរូប​សុទ្ធសាធ 

កំប្រុក​ស៊ី​ផ្លែល្វា

ពាក្យ​នេះ​លោក​សំដៅ​ទៅ​លើ​មន្ត្រី​ពុករលួយ​ដែល​ស៊ី​សំណូក  សំណូក​លោក​ប្រៀប​ទៅ​នឹង​ផ្លែល្វា​ដែល​ជា​ផ្លែ​មិន​ស្អាត​ល្អ​ដូច​ផ្លែឈើ​ឯ​ទៀតៗ 
ហេតុ​ដែល​លោក​រើស​យក​សត្វ​កំប្រុក​នេះ​មក​ដើរ​តួ​ក្នុង​សុភាសិត​នេះ ព្រោះ​សត្វ​កំប្រុក​អាច​រស់​នៅ​ក្នុង​ស្រុក​ក៏​បាន​នៅ​ក្នុង​ព្រៃ​ក៏​បាន​ឲ្យ​តែ​មាន​ដើមឈើ​ដែល​មាន​ផ្លែ​អាច​ឲ្យ​វា​ស៊ី​ចិញ្ចឹម​ជីវិត​បាន  ម្យ៉ាងទៀត​លោក​បាន​លើក​យក​សត្វ​កំប្រុក​នេះ​មក​ធ្វើការ​ប្រៀបធៀប ព្រោះ​វា​ជា​សត្វ​រស់​នៅ​តែ​លើ​ដើមឈើ​ជា​តំណាង​ឲ្យ​មន្ត្រី​ថ្នាក់​លើ ថ្នាក់​ខ្ពស់ ថ្នាក់​ធំ 

រមួល​ក​ទា

សត្វ​ទា​នៅ​ពេល​នេះ​លោក​សំដៅ​យក​សត្វ​ទា​ស្រុក​ដែល​ឡើង​ទ្រនំ​មិន​រួច គឺ​រស់​នៅ​ផ្ទាល់​តែ​នឹង​ដី​ឲ្យ​ជា​តំណាង​បុគ្គលិក​តូច​ទាប  គឺ​បុគ្គលិក​ដែល​មន្ត្រី​ធំ​ប្រើ​ឲ្យ​រត់ការ ឬ​ធ្វើ​ការងារ​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ខុស​ច្បាប់ 

ផ្សា​ក្ដិត​ឈ្លូស

ឈ្លូស​គឺ​ជា​សត្វ​រស់​នៅ​ក្នុង​ព្រៃ ហើយ​ស៊ី​ស្មៅ​ជា​អារហារ ។ វា​មិន​ដែល​ស៊ី​ជីវិត​គេ​ទេ ។ ឈ្លូស​ជា​សត្វ​ស្លូត​បំផុត និង​ខ្លាច​គេ​ខ្លាំង​ណាស់  លោក​លើក​យក​សត្វ​នេះ​ឲ្យ​ជា​តំណាង​ប្រជាពលរដ្ឋ​ស្លូត​ត្រង់ និង​សាមញ្ញ​បំផុត ហើយ​រស់​នៅ​ឆ្ងាយ​ពី​មន្ត្រី​ជាន់​ខ្ពស់ 

សំយោគ​ន័យ

ពិត​មែន​តែ​សុភាសិត​នេះ​មាន​បី​ឃ្លា​មែន តែ​មាន​ន័យ​ជាប់​ទាក់​ទង​គ្នា​តែ​មួយ គឺ​លោក​ចង់​និយាយ​ថា មាន​មន្ត្រី​ពុករលួយ​ម្នាក់​ស៊ី​សំណូក​យ៉ាង​ឆ្ងាញ់​ពេញ​មាត់ ដោយ​គ្មាន​គិត​ក្រែង​អ្វី​ទាំងអស់ ។ គេ​ត្របាក់​ស៊ី​ដោយ​សុវត្ថិភាព 
ប៉ុន្តែ បុគ្គលិក​ក្រោម​ឱវាទ​ដែល​លោក​ធំ​ប្រើ​ឲ្យ​ធ្វើ​កិច្ចការ​នោះ​វិញ​ទេ ដែល​ជា​អ្នក​រងគ្រោះ​ជំនួស  អ្នក​រងគ្រោះ​នេះ​មិន​ហ៊ាន​ថ្លែង​ការណ៍​ពិត​ទេ​ដោយ​ខ្លាច​សុវត្ថិភាព​ផ្ទាល់​ខ្លួន  ម្ល៉ោះហើយ សុខចិត្ត​ទ្រាំ​លេប​ថ្ម លេប​ក្រួស​ទាំង​បង្ខំ​ចិត្ត យ៉ាង​រមួល​ក​ទៅ​ចុះ 
រីឯ​ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​បាន​ត្រឹមតែ​ឈឺ​ចាប់​ប៉ុណ្ណោះ​ឯង 
ឧទាហរណ៍ៈ អ្នក​វិនិយោគទុន​ម្នាក់​បនា​ទៅ​ឃុបឃិត​ជាមួយ​មន្ត្រី​មាន​អំណាច​ម្នាក់​ដើម្បី​ធ្វើ​ប្លង់​កាន់​កាប់​ដី  លោក​ធំ​ប្រើ​ឲ្យ​ភ្នាក់ងារ​ទៅ​ដេញ​ប្រជាពលរដ្ឋ​ចេញ​ដោយ​ជ្រក​ក្រោម​ផ្លាក​ដី​អភិវឌ្ឍន៍  ជួនកាល​គេ​រុះរើ​ផ្ទះ​សម្បែង​គ្នា​អស់​ទៀត​ផង  ឯ​ប្រជាពលរដ្ឋ​គ្មាន​អ្វី​ទៅ​តវ៉ា​ឲ្យ​ឈ្នះ​គេ​ទេ ព្រោះ​អង្ករ​ក្លាយ​ជា​បាយ​អស់​ហើយ ។ ម្ល៉ោះហើយ​មាន​តែ​ក្ដីក្ដៅ​ក្រហាយ និង​ឈឺ​ចាប់​យ៉ាង​ខ្លោច​ផ្សា​តែ​ប៉ុណ្ណោះ​ឯង 


ដោយឈូកខ្មែរ

1 comments:

  1. កែពាក្យៈ អារហារ កែមកជាអាហារ។

    ReplyDelete

 
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks