ស្តាប់មិនទាន់ជាក់ កុំអាលញាក់ចិញ្ចើម ប្រពន្ធមិនទាន់ផើម កុំអាលរកអុសទុកមុន
អត្ថាធិប្បាយ
ពាក្យគន្លឹះក្នុងសុភាសិតនេះ គឺ "ញាក់ចិញ្ចើម " ។ បើយើងនិយាយតាមប្រពៃណីខ្មែរ កាលណាគេញាក់ចិញ្ចើមដាក់គ្នា វាមានន័យថា " មែនហើយ ប្រាកដជាយ៉ាងហ្នឹងហើយ ប៉ាច់ហើយ ចំហើយ ម៉ាច់ហើយ ចំប្លង់ហើយ! " ។
ញាក់ចិញ្ចើម គឺជាភាសាមួយគ្មានសម្លេង ប្រើតែកាយវិការជាសញ្ញាឲ្យអ្នកឯទៀតយល់ចិត្តថ្លើមរបស់ខ្លួន យល់ស្របឬជំទាស់? ។
សុភាសិតខាងលើ ចង់ប្រដៅយើងថា " ត្រូវមានការហ្មត់ចត់ " កុំចេះតែស្មាន កុំចេះតែនិយាយ កុំចេះតែជឿ ត្រូវស្តាប់ឲ្យច្បាស់ ត្រូវយល់ឲ្យច្បាស់ ។ល។ មុននឹងញាក់ចិញ្ចើមដាក់គ្នាព្រោះការមិនច្បាស់វាអាច ផ្តល់លទ្ធផលមិនល្អច្រើនយ៉ាងដល់ខ្លួន ។
" ប្រពន្ធមិនទាន់ផើម កុំអាលរកអុសទុកមុន " មានន័យថា កិច្ចការអ្វីក៏ដោយត្រូវតែមានការរៀបចំទុកជាមុន មិនត្រូវរង់ចាំរហូតដល់នាទីចុងក្រោយបំផុតនោះ ទេ ។ នេះជាការត្រឹមត្រូវ ។ ប៉ុន្តែបើយើងរៀបចំទុកមុន យូរឆ្ងាយពេកក៏ចាត់ទុកថាមិនល្អដែរ ។ ឧបមាថាយើងបានណាត់ពេលទៅជួបគ្រូពេទ្យនៅម៉ោង ២ រសៀល ។ បើយើងទៅរង់ចាំគាត់ តាំងពីម៉ោង ១០ ព្រឹក តើសមហេតុផលឬទេ?
ក្នុងរឿងប្រពន្ធផើម ជាការល្អគួររកអុសទុកមួយខែមុនពេលឆ្លងទន្លេ ។ រយៈពេល១ខែនេះ អាចចាត់ទុកថាសមហេតុផល ។ តែបើប្រពន្ធមិនទាន់ផើមផងហើយខ្លួនទៅរកអុសមកទុកបំរុងយូរយារយ៉ាងនេះ មិនចាត់ទុកត្រឹមត្រូវទេ ។
0 comments:
Post a Comment