Social Icons

twitterfacebookgoogle pluslinkedinrss feedemail

Tuesday, April 12, 2011

សុភាសិតទី ៧


ចូលព្រៃទាន់ព្រឹក សិក្សាទាន់ក្មេង
អត្ថាធិប្បាយ
            ដំបូន្មាននេះ ទាក់ទងនឹងអាជីវកម្ម ហើយនឹងការរៀនសូត្រ ស្រដៀងនឹងពាក្យស្លោករបស់អាមេរិកាំងថា: The early bird gets worms. (បក្សីណា ក្រោកមុនគេ បក្សីនោះបានដង្កូវស៊ី) ។
            ខ្មែរជាន់ដើម ដែលរស់នៅឯស្រែចំការ ច្រើនពឹងផ្អែកទៅលើព្រៃ កាលណាគេត្រូវការគ្រឿងស្ល ដូចជា: បន្លែ-អុស-សាច់-គ្រឿងទេស-ស្លឹកឈើ ។ល។ គេទៅស្វែងរកក្នុងព្រៃ ។
            កាលណាភ្ញាក់ពីព្រឹក (មុនគេ) អ្នកនោះអាចនឹងមានសំណាងរកវត្ថុទាំងនេះ បានដោយងាយ ព្រោះមិនទាន់មានអ្នកណាទៅបេះនៅឡើយ។ នេះមិនខុសពីបក្សី ដែលភ្ញាក់ពីព្រលឹម មុនគេទៅស្វែងរកអាហារនោះទេ។ សត្វដង្កូវដែលជាចំណីនៃបក្សី ប្រហែលជាមិនទាន់គេចខ្លួនទៅក្នុងដីវិញទេ នៅពេលព្រលឹមស្រាងៗ! ។
            "សិក្សាទាន់ខ្លួននៅក្មេង" មានន័យថា ពេលនៅក្មេងជាពេលដែល ខួរក្បាលនៅស្អាតស្អំ - ពេលដែលមានប្រាជ្ញា មិនទាន់ស្រអាប់ ហើយបញ្ហានានា មិនទាន់មកកពូននៅក្នុងដួងចិត្តនៅឡើយ។ ក្មេងរៀនឆាប់ចាំជាងមនុស្សចាស់ ព្រោះខួរក្បាលនៅភ្លឺថ្លា វិស័យដូចហ្វិល (Film) ដែលមិនទាន់ត្រូវពន្លឺអ្វីនៅឡើយ ។
            លុះដល់ចូលវ័យចាស់ វ័យមានគ្រួសារ, មានកូន, មានកាតព្វកិច្ច ត្រូវរកទ្រព្យដើម្បីចិញ្ចឹមគ្រួសារ, ក្នុងរយៈពេលនេះ បញ្ហានានាក៏កើតបន្តកន្ទុយគ្នា ដូចជារឿងលុយកាក់, ការខ្វះខាត, ជម្ងឺ, គ្រោះថ្នាក់ ។ល។ ជារឿងរាប់រយជំពូក មកប្រមូលផ្តុំនៅក្នុងខួរក្បាល ឬ ក្នុងសតិ អារម្មណ៏ រៀងរាល់ថ្ងៃយប់ ។ ម៉្លោះហើយ វាមិនជាការងាយស្រួល ក្នុងការផ្ចង់សតិអារម្មណ៏ ឲ្យបាញ់ទៅលើ សៀវភៅ-ខ្មៅដៃដូចកាលនៅក្មេងនោះទេ ។
            ដោយហេតុនេះ ការសិក្សាក្នុងគ្រានៅវ័យក្មេង វាមានភាពសក្តិសិទ្ធិ ជាងវ័យចាស់ ។

0 comments:

Post a Comment

 
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks