ឃ្លាតកាយ ណាយចិត្ត
អត្ថាធិប្បាយ
មនុស្សភាគច្រើនកាលណារស់នៅក្បែរគ្នាតែងរាប់អានគ្នា ស្រឡាញ់គ្នា ជួយគ្នាទៅវិញទៅមក ។ លុះដល់ពេលមួយនោះ គេត្រូវបែកគ្នាទៅនៅកន្លែងមួយ ឆ្ងាយដាច់ពីគ្នា ខានទាក់ទងគ្នា ខាននិយាយគ្នា ។ល។ ពេលនោះ ចិត្តស្រឡាញ់ក៏រលាយបន្តិចម្តងៗ រហូតដល់អស់រលីងលែងនឹកគ្នា ។
កន្លងយូរឆ្ងាយមក ជួនកាលក៏ភ្លេចមុខគ្នា រហូតឈឹងសូន្យតែម្តង ។
ការប្រយ័ត្នដែលយើងត្រូវចងចាំគឺការឃ្លាតកាយរវាងប្តីប្រពន្ធ ។ មានរឿងច្រើនណាស់ ដែលប្រាប់ពីលទ្ធផលនៃការរស់នៅដាច់ឆ្ងាយពីគ្នារវាងប្តីនិងប្រពន្ធដែលទីបំផុតបានជួប " ការព្រាត់ប្រាស់ "ដោយសារការផិតក្បត់ ។
យើងគួរយល់ថាជីវិតគ្រួសារគឺជាជីវិតស្នេហា ដែលជាច្បាប់ធម្មជាតិ ។ ប្រុសត្រូវការស្រី ស្រីត្រូវការប្រុសដើម្បីបង្កបង្កើតគ្រួសារ ។ កាមតណ្ហាតែងដុតរោលសត្វលោកគ្រប់ពេលវេលាទោះបីឋិតនៅក្នុងចំណាស់ណាក៏ដោយ ។ ពេលមួយនោះបុរសឬស្ត្រីដែលមានសេចក្តីត្រូវការក្នុងកាមគុណហើយមិនបាន សម្រេចដូចបំណងដោយសារប្តីឬប្រពន្ធនៅឃ្លាតឆ្ងាយពីខ្លួនពេលនោះហើយ ការផិតក្បត់ក៏ចាប់មានកំណើត ប្រសិនបើគេមាន " ឱកាសល្អ " ហុតឲ្យ ។
តម្រា"ស្រីហិតោបទេស"ដែលព្រះភិក្ខុប៉ាងខាត់បកប្រែពីភាសាសំស្ក្រឹតត្រង់វគ្គមួយនោះ,ចែងថា៖
" នឹងថាបុរសណាមានចិត្តស្មោះ
ត្រង់ចំពោះភរិយាខ្លួនក៏មិនមែន ,
នឹងថាស្ត្រីណាមានទឹកចិត្តភក្តី ចំពោះ
ស្វាមីក៏មិនមែន; តាមពិត បើគេមាន
ឱកាសតែមួយស្របក់ ទឹកចិត្តភក្តីនោះ
អាចនឹងរលត់រលាយទៅបាន " ។
(រសជាតិភាសាខ្មែរ)
0 comments:
Post a Comment