Social Icons

twitterfacebookgoogle pluslinkedinrss feedemail

Monday, April 25, 2011

សុភាសិតទី១០៨

ប្រាជ្ញាបុណ្យផង កើតដោយប្រតិបត្តិ

អត្ថាធិប្បាយ
            ពាក្យនេះ អាចមានន័យ ២ យ៉ាង , គឺ:
-​ បើជនណាម្នាក់ ដែលប្រាថ្នាបុណ្យស័ក្តិ ឲ្យបានកាន់តែធំឡើងកាន់តែ ខ្ពស់ឡើង ជននោះ ត្រូវតែលុតក្រាបគោរពអោនលំទោនយកចិត្តផ្គាប់ចៅហ្វាយ គ្រប់ពេល , ធ្វើយ៉ាងណាឲ្យចៅហ្វាយពេញចិត្ត ។ ចៅហ្វាយចង់បានអ្វីត្រូវរកវត្ថុនោះមកជូនចៅហ្វាយឲ្យទាល់តែបាន ។ កុំទទឹងរឹងរូសចំពោះបទបញ្ជាទោះបី បញ្ជានោះ ខុសក្បួនយ៉ាងណាក៏ដោយ ។
            - ពាក្យថា " ប្រាជ្ញា " គឺការឆ្លាតវាងវៃ ប៉ិនប្រសប់ឆាប់យល់ មិនងាយ គេបោកបាន ។ល។
           
            ឯពាក្យថា " បុណ្យ " គឺសំដៅទៅលើ​ :
            - អំពើល្អ ដែលជនណាម្នាក់ បានធ្វើទៅលើអ្នកឯទៀត ហើយដោយសារអំពើនោះសេចក្តីសុខសប្បាយ ក៏កើតមានដល់ជននោះ ។
            ប្រាជ្ញា និងបុណ្យមិនដែលកើតមានជាស្វ័យប្រវត្តិ(កើតឯង) ម្តងណាឡើង ។ លុះត្រាតែគេ ប្រតិបត្តិ ទើបទទួលរបស់ទាំង ២ មុខនេះ ។ ពាក្យថា ប្រតិបត្តិមាន ន័យថា : " ធ្វើ ឬ បង្កើត " ។ អ្វីក៏ដោយ បើគេមិនបង្កើតវាទេ ប្រហែលជាវាមិនអាចកើតបានឡើយ ។ ដូច្នេះហើយ​ បានជាព្រះពុទ្ធសាសនា មានគោលជំហរ , ក្នុងការប្រៀនប្រដៅ មនុស្សលោក , ទៅលើ កម្មផល
            " កម្ម " គឺអ្វីទាំងអស់ ដែលយើងធ្វើ ដោយកា​​យ វិចា ចិត្ត ។ អំពើទាំងអស់ដែលយើងធ្វើ បើបំព្រួញឲ្យខ្លីបំផុត មានតែ ២ យ៉ាង, គឺ បុណ្យ និង បាប។ កាលណាយើង ធ្វើល្អ ទៅលើខ្លួនយើងក្តី​ ទៅលើអ្នកដទៃក្តី ឈ្មោះថា " បានធ្វើបុណ្យ " ។ បើធ្វើអាក្រក់ ឈ្មោះថា " ធ្វើបាន "
            " ផល " គឺអ្វីមួយ ដែលចេញមកឲ្យយើង ដោយសារអំពើដែលយើងធ្វើនោះ ។ ឧទាហារណ៏ : ថ្ងៃណាមួយក្រោយមកយើងមានអាសន្នគេនឹងជួយយើងវិញ ។ ត្រង់នេះ ឯងហើយ ដែលគេហៅថា " ធ្វើបុណ្យបុណ្យជួយ " ។ ចុះបើយើងមិនដែលជួយអ្នកណាសោះ មិនដែលធ្វើទាន (អំណោយ) ដល់អ្នកណាសោះ តើអាចនឹងកើត " បុណ្យ " បានទេ? ។ គ្មានបុណ្យទេ ហើយប្រាកដជាគ្មានអ្នកណានឹកឃើញរូបយើងដែរ ។ មានសុខ ទុក្ខ យ៉ាងណាដោះស្រាយតែម្នាក់ឯងទៅ! ។
            ប្រាជ្ញា និងបុណ្យកើតមកពីប្រតិបត្តិ (ធ្វើ) , មិនដែលកើតឡើងឯងៗនោះទេ ។ បើយើងមិនព្រមលើកដៃទៅធ្វើអ្វីមួយទេ (កិច្ចការគ្រប់ជំពូក : កសិកម្ម ពាណិជ្ជកម្ម សិល្បះ ជំនាញ) ។ល។ យើងមុខជានៅល្ងង់អស់មួយជីវិត ។
            ក្បួនដែលនាំឲ្យកើតមានប្រាជ្ញា មាន ៤ គឺ :
                 -    សុ        ស្តាប់
                 -    ចិ          គិត
                 -    បុ          សួរ
                 -   លិ        កត់
ពាក្យទាំង ៤ នេះ ជាភាសាបាលី (ធាតុដើម) សម្រាប់ឲ្យងាយចាំ : សុ-ចិ-បុ-លិ ។
-       ស្តាប់: សម្តីដែលគេនិយាយមកកាន់យើង បើយើងមិនតាំងចិត្តស្តាប់ឲ្យ​មែនទែនទេ​ ប្រាដកជាចាប់ន័យមិនបានទាំងអស់ឡើង;
-       គិត: ស្តាប់បានហើយ ត្រូវយកសម្តីនោះ មកពិចារណាមើល: តើគួរជឿ ឬមិនគួរ ។
-       សួរ: បើបានស្តាប់ហើយ តែមិនយល់ , ត្រូវតែសួរឲ្យច្បាស់ មិនត្រូវនៅស្ងៀមទេ
-       កត់: លុះយល់ច្បាស់ហើយ ត្រូវកត់រឿងនោះទុក ក្រែងលោភ្លេចទៅថ្ងៃក្រោយ។

(រសជាតិភាសាខ្មែរ)

0 comments:

Post a Comment

 
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks