Social Icons

twitterfacebookgoogle pluslinkedinrss feedemail

Friday, June 10, 2011

សុភាសិត ទី ១២៨


សេះដាច់ យកសេះតាម
អត្ថាធិប្បាយ
            សុភាសិតនេះ ចង់ពន្យល់យើងថាក្នុងការដោះស្រាយបញ្ហាដែលកើតមានឡើង ជួនកាលគេយកវត្ថុ​ដែលមាន​ភាពឬបែបប្រហាក់ប្រហែលគ្នាមកធ្វើជាជំនួយ ដូចជាបើសេះដាច់ខ្សែហើយរត់ចេញទៅ តើត្រូវធ្វើយ៉ាងណា​នឹងចាប់វាបានមកវិញ? មនុស្សមិនអាចរត់តាមសេះទាន់ទេ ។ តើធ្វើយ៉ាងណា?
            ចម្លើយ: ត្រូវជិះសេះមួយទៀត ដេញតាមសេះដែលដាច់ខ្សែនេះ ទើបចាប់បាន ។
            ពាក្យដទៃទៀតគេថា " បើបន្លាមុតត្រូវយកបន្លាជោះ " ។ រឿងទាំងនេះ មិនខុសពីស្ថានការណ៏ ដែលទាក់​ទង​នឹង​សាសនាប្រទេសកម្ពុជានាសតវត្សទី ២០ និង ៣១ នោះទេ ។ យ៉ាងណាមិញ ប្រទេសជិតខាងដែលមានបំណង​លេបយក ទឹកដីរបស់យើង គេបានអនុវត្តនយោបាយញ " សេះដាច់យកសេះតាម " នេះប្រកបដោយជោគជ័យ​ជាលំដាប់ ។ តើគេធ្វើយ៉ាងណាខ្លះ?
            គេធ្វើយ៉ាងណាឲ្យខ្មែរបែកជា២ ពួក ដណ្តើមអំណាចគ្នា កាប់សម្លាប់គ្នា ហើយពួកវាចាំផ្តល់អាវុធ ដល់អាយ៉ង​របស់​វាដែលសុទ្ធតែជាមនុស្សដែលវាបានអប់រំឲ្យដើរតាមមាគ៌ារបស់វា ។ គេយកខ្មែរឲ្យប្រហារខ្មែរឲ្យ​សង្កត់ខ្មែរអ្នក​ចេះដឹង កុំឲ្យងើបរួច អោយឋិតនៅក្នុងសំអប់ទៅវិញទៅមក អោយចែកជាបក្សពួកប្រកាន់ ថ្នាក់ស្លាប់រស់ ។ល។ សហភាពឬសាមគ្គីភាពរវាងខ្មែរ និងខ្មែរក៏រលាយអស់ ។ លទ្ធផលទីបំផុត គេក្របួចកខ្មែរជាប់ រើលែងរួច អស់ទឹក អស់ដី អស់អ្វីៗ ទាំងអស់ ហើយយើងជាខ្មែរ​ក៏ចាប់រលាយសញ្ជាតិ បន្តិចម្តងៗ ដូចគ្នាបេះបិទ នឹងនគរចំប៉ា។ គេយកខ្មែរឲ្យបង្ក្រាបខ្មែរ ។ល។ បែបនេះគឺជានយោបាយ " សេះដាច់យសេះតាម " ជាបែបដែលបុព្វបុរសយើងចង​ទុកជាតម្រាសម្រាប់ដោះបញ្ហាទាំងឡាយដែលកើតមានឡើង ។
            ក្នុងបញ្ហាអប់រំមនុស្សដែលខ្វះការសិក្សា ប្រសិនបើគេប្រើអ្នកចេះដឹង ជ្រៅជ្រះមានវិជ្ជាខ្ពស់ឲ្យទៅធ្វើការអប់រំ គេកត់សំគាល់ឃើញថាបានទទួលលទ្ធផលតិចជាងប្រើមនុស្សដែលមានកំពស់ការចេះដឹង ប្រហាក់ប្រហែលគ្នា​នឹងមនុស្សដែលត្រូវគេអប់រំនោះ ។ ហេតុអ្វីក៏យ៉ាងនេះ? ។ សាស្ត្រាបណ្តាំ " ក្រមង៉ុយ " ចែងក្នុងវគ្គមួយនោះ ថា: "  អ្នកល្ងង់ ស្អប់អ្នកចេះ " ។ ពិតណាស់ ចរិតខ្មែរ ដែលធ្លាប់ល្អត្រឹមត្រូវ ស្គាល់ខ្ពស់ទាប , ស្គាល់គុណនិងទោស បានត្រូវពត់ឲ្យវិលបញ្ច្រាសទិសដោយសារអាណានិគមបារាំង ដែលត្រួតត្រាសង្កត់ឲ្យខ្លបខ្លាច​រាបដូចកន្ទេល​ចាប់ពីឆ្នាំប្រហែល១៨៥៥ រហូតដល់ឆ្នាំ ១៩៥៣ ទើបខ្មែរបានរួចខ្លួន ។ ក្នុងរយៈវេលានេះ បារាំងបានអប់រំនាម៉ឺន​ខ្មែរមួយចំនួនដែលឥតវិជ្ជាផង ហើយខ្វះវិចារណញ្ញាណផងពីរបៀបត្រួតត្រាខ្មែរ ដោយប្រើកាំភ្លើង និងដំបងដែល​ខ្មែរយើងជំនាន់នោះហៅ " ក្តគោ " ដើម្បីឲ្យខ្មែរខ្លបខ្លាច ។ មែន ខ្មែរខ្លាច បារាំងណាស់ ។ មិនមែនខ្លាចត្រឹមតែបារាំងទេ គឺខ្លាចបាក់ស្បាត តាំងពីលោក " ជំទប់ លោកមេឃុំ , ព្រះតេជគុណ ចៅហ្វាយស្រុក " ជាដើមឡើងទៅ ។
            ការខ្លបខ្លាចដោយបង្កប់ទុកក្នុងបេះដូងនូវ " សំអប់ " មួយដែលកើតទំហំ ធំជាលំដាប់ បានចេញជាលទ្ធផល​ជាក់​ស្តែង នាសម័យ " ប៉ុល ពត " ដែលកាល នោះ ឃាដករចំនួន ៩៥% គឺជាមនុស្សមិនដែលចូលសាលាម្តង​ណាសោះហើយ មិនដែលស្គាល់ក្លិនកាហ្វេ គុយទាវម្តងណាឡើយ ។

0 comments:

Post a Comment

 
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks