Social Icons

twitterfacebookgoogle pluslinkedinrss feedemail

Thursday, April 14, 2011

សុភាសិតទី៣៦


និយមន័យៈ ការ​ពោល​សរសើរ​គុណ​ពោធិ​សម្ភារ​របស់​ព្រះសម្មាសម្ពុទ្ធ 

អត្ថាធិប្បាយ

ព្រះពុទ្ធ​អង្គ​បរម​គ្រូ ទ្រង់​ប្រកប​ដោយ​អតិ​រេកគុណ​បារមី​មហា​ប្រសើរ​យ៉ាង​ក្រៃលែង​លើ​ត្រ័យ​ភព​គឺ ភព​មនុស្ស ភព​ទេព្ដា ភព​ឥន្ទ្រ​ព្រហ្ម 

ខែ​រះ​ឆ្លង​ផ្លូវ

បុរាណាចារ្យ​បាន​ពោល​សរសើរ​នូវ​គុណ​ថ្ងៃ​មហា​នក្ខត្តឫក្ស​ទាំង​បី​លក្ខណៈ​គឺ ថ្ងៃ​ពេញ​បូរមី ១៥​កើត ខែ​ពិសាខ ព្រោះ 
1.     កាល​ព្រះអង្គ​ប្រសូត​ក៏​នៅ​ថ្ងៃ​ហ្នឹង
2.     កាល​ទ្រង់​ត្រាស់​ដឹង​នូវ​អនុត្តរ​សម្ពោធិញ្ញាណ​ក៏​នៅ​ថ្ងៃ​ហ្នឹង
3.     កាល​ទ្រង់​រំលត់​ខន្ធ​ចូល​កាន់​ព្រះនិព្វាន​ក៏​នៅ​ថ្ងៃ​ហ្នឹង
ហេតុ​នេះ​ហើយ​បាន​ជា​ពុទ្ធបរិស័ទ​ខ្មែរ នាំ​គ្នា​ប្រារព្ធ​ធ្វើ​បុណ្យ «ពិសាខ​បូជា» នៅ​ថ្ងៃ​ពេញ​បូរមី ១៥​កើត ខែ​ពិសាខ ជា​រៀង​រាល់​ឆ្នាំ​មិន​ដែល​ខាន 
ម្យ៉ាង​ទៀត ខែ​រះ​ឆ្លង​ផ្លូវ លោក​បាន​ឲ្យ​ន័យ​មួយ​បែប​ទៀត​ថា ខែ​ពេញ​វង់​ឆ្លង​ពី​ផ្លូវ​មួយ​ទៅ​ផ្លូវ​មួយ​ទៀត​គ្រប់​ផ្លូវ​ទាំង​បី ឬ​ថា​ថ្ងៃ​១៥​កើត ខែ​ពេញ​បូរមី ជា​ថ្ងៃ​ចប់​ផ្នែក​ខាង​ខ្នើត​ឆ្លង​ចូល​ថ្ងៃ​១​រោច ខែ​ងងឹត​ជា​ថ្ងៃ​ដើម​ផ្នែក​ខាង​រនោច 

កូន​កើត​មុន​ឪ

កាល​ព្រះអង្គ​ទ្រង់​សម្រេច​នូវ​ព្រះអរហត្តផល គឺ​បាន​សម្រេច​មុន​ព្រះវរបិតា ។ លុះ​ព្រះអង្គ​បាន​សម្រេច​នូវ​ព្រះអរហត្តផល​ហើយ ទើប​ទ្រង់​យាង​ទៅ​ប្រោស​ព្រះវរបិតា​ឲ្យ​បាន​សម្រេច​នូវ​ព្រះអរហត្តផល​ជា​ខាង​ក្រោយ  លោក​ប្រៀប​ថា «កូន​កើត​មុន​ឪ» 

ព​តា​ដើរ​លេង

ព្រះពុទ្ធ​អង្គ​មាន​ផៅ​ពង្ស​ចេញ​ពី «សាក្យៈ​ត្រកូល» សាក្យៈ​គឺ​ជា​គោត្តនាម​ដែល​មាន​ខ្សែ​ស្រលាយ​ជាច្រើន​តំណ​យូរ​មក​ហើយ​ដែល​លោក​ប្រៀប​ប្រដូច​ទៅ​នឹង «ជីតា»  ក្រោយ​ពេល​ព្រះអង្គ​ទ្រង់​ត្រាស់​ដឹង​នូវ​អនុត្តរ​សម្មាសម្ពោធិញ្ញាណ​រួច​ហើយ ព្រះអង្គ​ទ្រង់​ស្ដេច​យាង​ទៅ​គ្រប់​ទិសទី​ដើម្បី​សម្ដែង​ធម៌​ប្រោស​មហាជន 
កាល​ណោះ​មហា​ជន​ក៏​បាន​ស្គាល់​ព្រះអង្គ និង​បាន​ថ្វាយ​ព្រះនាម​ព្រះអង្គ​ថា «ព្រះសាក្យមុនី» ដែល​មាន​ន័យ​ថា «អ្នក​ប្រាជ្ញ​ក្នុង​ត្រកូល​សាក្យៈ»  លោក​ប្រៀប​ថា «ព​តា​ដើរ​លេង» 

ដោយឈូកខ្មែរ

0 comments:

Post a Comment

 
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks