និយមន័យៈ គ្រោះថ្នាក់នៃប្រព្រឹត្តិកម្មក្នុងផ្លូវស្នេហាលើប្រពន្ធគេ ។
អត្ថាធិប្បាយ
នារីដែលនៅក្នុងវ័យក្រមុំជាវ័យដែលល្អប្រសើរបំផុត ។ ប៉ុន្តែនៅពេលនេះ លោកពុំមានចេតនាចង់និយាយពីតម្លៃរបស់ស្ត្រីក្រមុំទេ គឺលោកចង់និយាយអំពីគ្រោះថ្នាក់នៃអ្នកដែលសហាយស្មន់នឹងប្រពន្ធគេ ។
ក្រមុំសាបដូចទឹកទន្លេ
ស្ត្រីក្រមុំគឺជាស្ត្រីស្ថិតនៅក្នុងវ័យ «រង់ចាំ» ។ ពេលដែលនាងស្ថិតនៅក្នុងវ័យរង់ចាំនេះ បើមានកំលោះណាទៅញ៉េះញ៉ោះ លែបខាយពាក្យសម្ដីក្នុងផ្លូវលោកីយ៍ក៏ដោយ ក៏ចាស់ទុំពុំសូវចាប់ទោសអូសដំណើរខ្លាំងក្លា រហូតដល់ប្ដឹងឡើងតុលាការដែរ គឺគ្រាន់តែស្ដីបន្ទោស និងធ្វើការព្រមានប៉ុណ្ណោះ ។ ប្រសិនបើរឿងនេះឈានទៅដល់ការប្រាសចាកប្រពៃណីដោយសាមីជនទាំងពីរព្រមព្រៀងគ្នាទៀតផងនោះ គេក៏ពុំសូវដែលឃើញ ដែលឮថាឪពុកម្ដាយ អាណាព្យាបាល ឬបងប្អូនញាតិខាងស្រីដេញបាញ់ ដេញកាប់ សម្លាប់កូនប្រុសនោះដែរ ដោយគ្រាន់តែប្ដឹងទៅសមត្ថកិច្ចដើម្បីទាមទារឲ្យភាគីខាងកូនប្រុសបង់ជំងឺចិត្តប៉ុណ្ណោះ ។ ជួនកាល បើវាសនាមាន គេចាប់ឲ្យរៀបការទៀតក៏សឹងមានដែរ ។
ប្រពន្ធគេឈ្ងុយដូចដូងដុត
ប្រពន្ធគេគឺស្ត្រីដែលច្បាប់រដ្ឋទទួលស្គាល់ថាជាកម្មសិទ្ធិផ្ដាច់មុខរបស់ជនណាម្នាក់ ។ បានសេចក្ដីថា ស្ត្រីប្រភេទនេះមានម្ចាស់ហួងហែង ថែរក្សាហើយ ។
ដូងដុតៈ គឺសាច់ដូងទុំដែលគេដុត វាមានក្លិនឈ្ងុយឆួល ។ គេតែងយកវាទៅធ្វើជានុយសម្រាប់ស្ទូចត្រី ។ ត្រីធុំក្លិនភ្លាម ត្របាក់ភ្លាម តែវាក៏ងាប់ភ្លាមដែរ ។
ហេតុបានជាលោកពោលថា ប្រពន្ធគេឈ្ងុយដូចដូងដុត ព្រោះប្រសិនណាបើមានបុរសល្មោភកាមណាម្នាក់ប្រថុយផ្សងស្នេហ៍ជាមួយប្រពន្ធគេ វាសនារបស់គេប្រហែលមិនខុសពីត្រីដែលត្របាក់ដូងដុតប៉ុន្មានដែរ ។
ជាញឹកញាប់ណាស់ គេតែងឮថា បុរសដែលផ្សងស្នេហ៍ជាមួយប្រពន្ធគេនោះ ក្បាលរបស់គេត្រូវគ្រូពេទ្យដេរម្ភៃសាមសិបថ្នេរ ។ ជួនកាលឮថា មិនពិបាកគ្រូពេទ្យដេរទេ ព្រោះគេត្រូវរលត់ធាតុបាត់ទៅហើយ ។
ការណ៍ដែលលោកលើកឡើងថា ក្រមុំសាបដូចទឹកទន្លេនោះ គឺក្នុងន័យចំអកផង ក្នុងន័យប្រៀបធៀបជាឧបមាណវិធីផង ។ ម្យ៉ាងទៀតលោកចង់ពោលត្រង់ៗថា ក្រមុំសាបណាស់ទៅឬ ? បានជាទៅស្រឡាញ់ប្រពន្ធគេ ទោះបីដឹងថាមានគ្រោះថ្នាក់ច្រើនក៏ដោយ ៕
ដោយឈូកខ្មែរ
0 comments:
Post a Comment