“បើស្អប់ កុំឲ្យបាញ់ ស្រឡាញ់ កុំឲ្យខ្ចី”
អត្ថាធិប្បាយ
ពាក្យនេះ អ្នកណាក៏ធ្លាប់ឮដែរ, ហើយអ្នកណា ក៏មានរឿងដែលបណ្តាលមកពី "ស្អប់ ហើយនិង ខ្ចីបុល" នេះដែរ ។
បើស្អប់ កុំឲ្យបាញ់ តើមានន័យយ៉ាងណា?
ពាក្យ "កុំឲ្យបាញ់" មិនមែនបាញ់នឹងគ្រាប់កាំភ្លើងនោះទេ គឺហាមមិនឲ្យ៖ ដើរនិយាយដើម, បង្អាប់បន្តុះ, មួលបង្កាច់, ប្រើសម្តីមិនល្អ ទៅលើមនុស្សដែលខ្លួនស្អប់នោះ។ ការស្អប់ និង ស្រឡាញ់ គឺជារឿងមួយ ដែលមិនអាចឃាត់ មិនឲ្យកើតមានបានទេ។ យើងមិនចូលចិត្តមនុស្សនេះ ហើយចូលចិត្ត អ្នកខាងនោះ, គឺជារឿងធម្មតារបស់មនុស្សលោក។ តែការសំខាន់ ដែលយើងម្នាក់ៗត្រូវតែចងចាំ ទៅតាមបណ្តាំដូនតាយើងនៅត្រង់ចំណុចថា បើបានថាស្អប់អ្នកណាម្នាក់ហើយសុំ"កុំបាញ់"អ្នកនោះឲ្យសោះ។ ព្រោះថា បើធ្វើយ៉ាងនេះ គឺមានន័យថា យើងពង្រីកសំអប់នោះឲ្យកាន់តែធំឡើង រហូតដល់ពេលមួយសម្អប់ នោះ នឹងផ្ទុះដូចគ្រាប់បែក អាចបណ្តាលឲ្យមានការស្លាប់-រស់ ដល់អ្នកណាម្នាក់មិនខាន ។
តើយើងគួរធ្វើយ៉ាងណា?
ចម្លើយយ៉ាងខ្លី: បើបានជាស្អប់ហើយ សុំកុំដើរបរិហារកេរ្តិ៍គេឲ្យសោះ, សុំបិទមាត់ឲ្យជិត, កុំមានវាចាអាក្រក់ (និយាយដើម) ពីមនុស្សនោះ ប្រាប់មនុស្សម្នាក់ទៀត ដើម្បីឲ្យគេជួយស្អប់ ។
- "ស្រឡាញ់ កុំឲ្យខ្ចី" មានន័យថា ការខ្ចីបុលរវាងមិត្រភ័ក្តិច្រើន នាំបណ្តាលឲ្យក្លាយទៅជាសត្រូវនឹងគ្នា ព្រោះអ្នកខ្ចី មិនគោរពពាក្យសន្យារបស់ខ្លួន។ មនុស្សច្រើនណាស់ តែងសន្យា "សុំខ្ចីតែ ៣ថ្ងៃទេ ខ្ញុំយកមកសងវិញហើយ"។ លុះដល់ ៣ ថ្ងៃកន្លងផុតទៅ ម្ចាស់បំណុល ឥតបានទទួលអ្វីទាំងអស់-បាត់ឈឹង គ្មានឮអ្វីសោះ។ ក្នុងចិត្ត ចាប់កើត មន្ទិលសង្ស័យ៖ យី, យ៉ាងម៉េចឯចេះ?។ មួយអាទិត្យកន្លងផុតទៅ… រួចចូលអាទិត្យទី ២… អាទិត្យទី ៣ នៅតែឈឹង… អត់ទ្រាំ មិនបាន, ម្ចាស់បំណុលក៏សួរ៖ "យ៉ាងណាទៅហើយរឿងប្រាក់ ៣ ថ្ងៃនោះ?"។
កាលណាមានសំនួរ, អ្នកខ្ចីភាគច្រើន បែរជាខឹង ដោយចោទប្រកាន់ថា គេមើលងាយខ្លួន ។ល។ មិត្រភាព ក៏ចាប់ស្រាំ ឬ បាក់បែកត្រឹមចំណុចនេះ ។
ការខ្ចីបុល នៅពេលខ្វះខាត ជារឿងធម្មតាសម្រាប់មនុស្សភាគច្រើន។ ការប្របាន់ខ្ជាប់ នូវពាក្យសន្យា ជារឿងលំបាកសម្រាប់មនុស្សភាគច្រើន។ គប្បីចាំ ថាភាពទៀងត្រង់ នាំឲ្យយើងរស់បានយូរ ជាងការភូតកុហក, ជាពិសេស ការភូត កុហកមិត្រសម្លាញ់ ដែលមានសុឆន្ទះចំពោះខ្លួន គឺជាការបិទផ្លូវ សម្រាប់នាំទៅរក សុខ។
0 comments:
Post a Comment