Social Icons

twitterfacebookgoogle pluslinkedinrss feedemail

Thursday, April 14, 2011

សុភាសិតទី២៨

គ្រូ​ទាយ ម្ដាយ​ថា

 

និយមន័យៈ ទំនាយ​គ្រូ និង​តំហា​របស់​អ្នក​ម្ដាយ​មាន​ភាព​ប្រាកដ​និយម 


អត្ថាធិប្បាយ

គ្រូ​ទាយ

គ្រូ ​នៅ​ទី​នេះ លោក​សំដៅ​យក​គ្រូ​បង្រៀន​អក្សរ លេខ នព្វន្ត  មិន​មែន​គ្រូ​ទស្សន៍​ទាយ​ជោគ​ជតា​រាសី​ទេ 
គ្រូ​បង្រៀន​តែង​ស្គាល់​ច្បាស់​នូវ​អត្តចរិត​សិស្ស តាម​រយៈ​សកម្មភាព​សិក្សា​របស់​សិស្ស​គ្រប់ៗ​គ្នា ។ ព្រោះ​ការ​បង្រៀន​របស់​គ្រូ ប្រកប​ដោយ​និយាម​គរុកោសល្យ បូក​ផ្សំ​នឹង​ចិត្ត​សាស្ត្រ​ផង​នោះ ធ្វើ​ឲ្យ​គ្រូ​ឆាប់​ចាប់​បាន​នូវ​និស្ស័យ​របស់​សិស្ស​ដោយ​ច្បាស់​ប្រាកដ​ណាស់ 
អាស្រ័យ​ហេតុ​នេះ គ្រូ​អាច​មើល​ឃើញ​នូវ​វាសនាកម្ម អនាគត​របស់​សិស្ស​ម្នាក់ៗ​ថា ជា​យ៉ាង​ណា​បាន​តាម​រយៈ​អត្តចរិត និង​សកម្មភាព​សិក្សា ។ ដូចនេះ​គ្រូ​អាច​ទាយ​ថា សិស្ស​នេះ​ទៅ​ថ្ងៃ​មុខ​នឹង​ក្លាយ​ទៅ​ជា​អ្នកប្រាជ្ញ ឬ​កវី បណ្ឌិត ឬ​ក៏​មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ បាន​យ៉ាង​ច្បាស់​លាស់​ល្អ​ណាស់  ដូច្នេះ កូន​សិស្ស​ណា​ដែល​គ្រូទាយ​ថា យ៉ាង​ម៉េច​ហើយ ពុំ​សូវ​ឃើញ​ខុស​ទេ 

ម្ដាយ​ថា

ព្រះពុទ្ធដីកា​ត្រាស់​ថា ម្ដាយ ​ជា​មិត្ត​ជិត​ស្និទ្ធ​បំផុត​របស់​ខ្លួន និង​ជា​បុព្វាចារ្យ​គឺ​គ្រូ​ដើម ឬ​គ្រូ​ទី​១ របស់​កូន​ប្រុសស្រី​គ្រប់​គ្នា 
ក្នុង​សង្គម​ខ្មែរ ម្ដាយ​មាន​នាទី​បីបាច់​ថ្នាក់ថ្នម​ថែរក្សា​កូន ចាប់​តាំង​ពី​កូន​កើត​មក មាន​ការ​បញ្ចុក​ចំណី​អាហារ ស្លៀកពាក់ ផ្ងូត​ទឹក​ជាដើម ។ល។ រហូត​ដល់​កូន​ដឹង​ក្ដី ចេះ​ស៊ី​ចុក ស្លៀកពាក់ ងូត​ទឹក​ខ្លួន​ឯង ។ ម្ល៉ោះ​ហើយ អ្នក​ម្ដាយ​តែង​បាន​កត់​សម្គាល់​នូវ​និស្ស័យ​អត្តចរិត​របស់​កូន​ម្នាក់ៗ​បាន​យ៉ាង​ច្បាស់ ដូចជា​គ្រូ​បង្រៀន​ដូច្នោះ​ដែរ 
ដូច្នេះ កូន​ប្រុសស្រី​ណា​ដែល​អ្នក​ម្ដាយ​ថា ទៅ​ថ្ងៃ​ក្រោយ កូន​ណា​មាន​កំណើត ឬ​អត់​កំណើត​ក៏​ពុំ​សូវ​ឃើញ​ខុស​ដែរ 

ដោយឈូកខ្មែរ

0 comments:

Post a Comment

 
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks