Social Icons

twitterfacebookgoogle pluslinkedinrss feedemail

Sunday, April 17, 2011

សុភាសិតទី៨៧

ក្អែក​មួយ​ជា​ក្អែក​ដប់

 

និយមន័យៈ មាត់​មនុស្ស​និយាយ​តៗ​គ្នា​ក្លាយ​ពី​មួយ​ជា​ដប់ 

អត្ថាធិប្បាយ

ការ​និយាយ​តៗ​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ ម្នាក់​ពន្លើស​បន្តិច ម្នាក់​ទៀត​ពន្លើស​បន្តិច  បន្ត​គ្នា​តែ​ដប់​ដង​ធ្វើ​ឲ្យ​បាត់​ភាព​ដើម​អស់​រលីង ។ រឿង​នេះ លោក​បាន​លើក​ឧទាហរណ៍​ដូច​ត​ទៅ 
បុរស​ម្នាក់​ទើប​នឹង​ការ​ប្រពន្ធ​រួច​ថ្មីៗ ។ ព្រឹក​មួយ បុរស​នោះ​ទៅ​បត់​ជើង​ក្នុង​ព្រៃ​ក្រោយ​ផ្ទះ ក៏​ប្រទះ​ឃើញ​កូន​ពាង​មួយ​ពេញ​ដោយ​មាស  បុរស​នោះ​ក៏​កាយ​ដី​កប់​ទុក ។ ពេល​មក​ដល់​ផ្ទះ គេ​មិន​ហ៊ាន​ប្រាប់​ការណ៍​ពិត​ដល់​ប្រពន្ធ​ទេ ខ្លាច​នាង​បិទ​មាត់​មិន​ជិត  រួច​គេ​ក៏​និយាយ​ប្រាប់​ប្រពន្ធ​ថា នាង​អើយ​ព្រឹក​មិញ ខ្ញុំ​បត់​ជើង​ក្រោយ​ផ្ទះ ស្រាប់​តែ​មាន​ក្អែក​មួយ​ហើរ​ចេញ​ពី​គូទ​ខ្ញុំ  ចូរ​នាង​កុំ​និយាយ​ប្រាប់​អ្នក​ណា​ឲ្យ​សោះ ។ ប្រពន្ធ​គិត​ថា​រឿង​នេះ​ចម្លែក​ណាស់ មិន​អាច​នៅ​ស្ងៀម​បាន ក៏​ទៅ​ទម្លាយ​ប្រាប់​មិត្ត​ជិត​ស្និទ្ធ​ម្នាក់​ថា ប្ដី​ខ្ញុំ​បត់​ជើង​ចេញ​ក្អែក​ពីរ ។ មិត្ត​នោះ​និយាយ​បន្ត​ថា ចេញ​ក្អែក​បី  ការ​និយាយ​ប្រាប់​គ្នា​បន្ត​បែប​នេះ បាន​កើន​ចំនួន​ឡើង​ដល់​ដប់ 
រឿង​នេះ​មិន​ស្ងាត់ ក៏​ទ្រង់​ជ្រាប​ដល់​ព្រះមហាក្សត្រ  ព្រះរាជា​ត្រាស់​បង្គាប់​ឲ្យ​នាំ​បុរស​នោះ​ចូល​មក​គាល់  ព្រះអង្គ​ត្រាស់​ដណ្ដឹង​សួរ​បុរស​នោះ ។ លុះ​ទ្រង់​ព្រះ​សណ្ដាប់​ហើយ ក៏​ឈ្វេង​យល់​ថា បុរស​នេះ​មាន​ប្រាជ្ញា​ឆ្លាត​វាងវៃ​ណាស់ ចេះ​ពិសោធ​រក​កម្លាយ​ដែល​និយាយ​តៗ​គ្នា  ព្រះអង្គ​ក៏​ត្រាស់​បង្គាប់​ឲ្យ​រាជ​បុរស​ទៅ​នាំ​យក​ពាង​មាស​នោះ មក​ដាក់​ក្នុង​ឃ្លាំង​ព្រះរាជទ្រព្យ រួច​តែង​តាំង​បុរស​នោះ​ជា​មន្ត្រី​គ្រប់​គ្រង​ឃ្លាំង​ជា​រៀង​រហូត​មក 

ដោយឈូកខ្មែរ

0 comments:

Post a Comment

 
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks