Social Icons

twitterfacebookgoogle pluslinkedinrss feedemail

Sunday, April 17, 2011

សុភាសិតទី៦៩

ក្របី​ស្នែង​កែក មនុស្ស​ស្រលៀង​ភ្នែក ក្រពើ​កំបុត​កន្ទុយ

 

និយមន័យៈ អ្វី​ដែល​ខុស​ប្រក្រតី បុគ្គលិក​លក្ខណៈ​ក៏​ខុស​ប្រក្រតី​ដែរ 

អត្ថាធិប្បាយ

មនុស្ស​ក្ដី សត្វ​តិរច្ឆាន​ក្ដី ដែល​មាន​លក្ខណៈ​កាយវិការ​ដូច​ខាងលើ លោក​ប្រាប់​ថា​គួរ​ឲ្យ​ប្រុងប្រយ័ត្ន 

ក្របី​ស្នែង​កែក

មាន​សត្វ​ជា​ច្រើន​ដែល​មាន​លក្ខណៈ​មិន​ប្រក្រតី តែ​ពេល​នេះ​លោក​លើក​យក​សត្វ​ក្របី​ស្នែង​កែក​មក​ធ្វើ​ជា​តួយ៉ាង  លោក​ថា​សត្វ​ក្របី​ស្នែង​កែក​តែង​កាច និង​មាន​ភាព​អំនួត​ជាង​ក្របី​ធម្មតា  ឫកពា​វា​ក្រអឺត​ក្រទម មិន​ខ្លាច​គេ​ទេ ។ កាលណា​វា​ឃើញ​ក្របី​ដូច​គ្នា ឬ​មនុស្ស​ទៅ​ជិត​វាៗ​តែង​អើត​ក្បាល​ស្ងើន បង្ហាញ​នូវ​ភាព​អំនួត និង​កាច 

មនុស្ស​ស្រលៀង​ភ្នែក

តាម​ការ​កត់​សម្គាល់​ឃើញ​ថា មនុស្ស​ស្រលៀង​ភ្នែក​តែង​មាន​អ្វី​ដែល​«លើស» គឺ​ថា​ល្អ ក៏​ល្អ​លើស​គេ បើ​អាក្រក់​ក៏​លើស​គេ បើ​ស្លូត​បើ​កាច​ក៏​លើស​គេ​ដែរ  ហេតុ​នេះ​ហើយ​បាន​ជា​លោក​ប្រាប់​ថា ឲ្យ​ប្រុង​ប្រយ័ត្ន  ព្រោះបើ​សេពគប់​ចំ​លើ​អ្នក​ដែល​ល្អ​លើស​គេ​ជា​ការ​ប្រសើរ  តែ​បើ​ចំ​លើ​អ្នក​អាក្រក់​លើស​គេ​វិញ​គួរ​ឲ្យ​ស្ដាយ 

ក្រពើ​កំបុត​កន្ទុយ

ចាស់ៗ​តែង​និយាយ​ប្រាប់​កូន​ចៅ​ថា នៅ​ក្នុង​បឹង​នេះ​មាន​ក្រពើ​កំបុត​កន្ទុយ​មួយ កាច​សាហាវ​ខ្លាំង​ណាស់ ។ បើ​មាន​សត្វ​ព្រៃ​ណា​ចុះ​ផឹក​ទឹក វា​ត្របាក់​ស៊ី​គ្មាន​ឲ្យ​រួច​ទេ ។ គេ​សម្គាល់​ឃើញ​ថា ក្រពើ​កំបុត​កន្ទុយ​កាច​សាហាវ​ខ្លាំងក្លា​ជាង​ក្រពើ​ធម្មតា  មនុស្សម្នា​តែង​ខ្លាច​រអា​នឹង​វា​គ្រប់ៗ​គ្នា 
ដូច្នេះ ឃើញ​ថា អ្វីៗ​ដែល​ខុស​ប្រក្រតី អត្តចរិត​ក៏​ខុស​ប្រក្រតី​ដែរ 


ដោយឈូកខ្មែរ

0 comments:

Post a Comment

 
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks