Social Icons

twitterfacebookgoogle pluslinkedinrss feedemail

Tuesday, April 26, 2011

សុភាសិតទី១២០


ចង់បុណ្យបានបាប ចចើងចង់លាភ រែងបាត់ធននៅ;
មានៈបាត់មិត្រឥតអ្នកជាផៅ ខេខឹងឃោរឃៅមែងបាត់អង្គ

នេះជាវគ្គមួយ ដកស្រង់ចេញពីសាស្ត្រាច្បាប់ រាជនីតិជាព្រះនិពន្ធ នៃព្រះរាជសម្ភារ
អត្ថាធិប្បាយ
            "ចចើង"មានន័យថា"សម្តែងអាការៈរនះរនាត ចើងម៉ើងសស្លក់ សស្លន់ដោយសារចង់បានខ្លាំង   ពេក
            មនុស្សយើងច្រើនតែទទួលផលផ្ទុយពីឆន្ទះរបស់ខ្លួន។ជាពិសេសស ចំពោះជនណាម្នាក់ ដែលចង់មានចង់បានហួសហេតុពេក(ចចើង)ជននោះ មុខជាទទួលលទ្ធផលខុសពីបំណងខ្លួនមិនខាន (រែងបាត់ធនទៅ)
            " មានះ " មានន័យថាចចេស ក្បាលរឹង មិនបន្ទន់ចិត្តតាមអ្នកណាសោះ ធ្វើតាមតែចិត្តរបស់ខ្លួន មនុស្សដែលមានលក្ខណៈបែបនេះ ច្រើនជាមនុស្សខ្វះ មិត្រ
            ចំណែកមនុស្សណាដែលជាមនុស្សមានទោសៈ(កំហឹង)ច្រើនហើយ ជាមនុស្សកាចសាហាវ ឃោរឃៅផងនោះ មុខជា "បាត់អង្គ " ថ្ងៃណាមួយមិនខាន ។បាត់អង្គគឺបាត់ខ្លួន ហើយបើនិយាយឲ្យចំគឺស្លាប់ ដោយគេប្រហារ ។

(រសជាតិភាសាខ្មែរ)

សុភាសិតទី១១៣

ឃ្លាតកាយ ណាយចិត្ត

អត្ថាធិប្បាយ
            មនុស្សភាគច្រើនកាលណារស់នៅក្បែរគ្នាតែងរាប់អានគ្នា ស្រឡាញ់គ្នា ជួយគ្នាទៅវិញទៅមក ។ លុះដល់ពេលមួយនោះ គេត្រូវបែកគ្នាទៅនៅកន្លែងមួយ ឆ្ងាយដាច់ពីគ្នា ខានទាក់ទងគ្នា ខាននិយាយគ្នា ។ល។ ពេលនោះ ចិត្តស្រឡាញ់ក៏រលាយបន្តិចម្តងៗ រហូតដល់អស់រលីងលែងនឹកគ្នា ។
            កន្លងយូរឆ្ងាយមក ជួនកាលក៏ភ្លេចមុខគ្នា រហូតឈឹងសូន្យតែម្តង ។
            ការប្រយ័ត្នដែលយើងត្រូវចងចាំគឺការឃ្លាតកាយរវាងប្តីប្រពន្ធ ។ មានរឿងច្រើនណាស់ ដែលប្រាប់ពីលទ្ធផលនៃការរស់នៅដាច់ឆ្ងាយពីគ្នារវាងប្តីនិងប្រពន្ធដែលទីបំផុតបានជួប " ការព្រាត់ប្រាស់ "ដោយសារការផិតក្បត់ ។
            យើងគួរយល់ថាជីវិតគ្រួសារគឺជាជីវិតស្នេហា ដែលជាច្បាប់ធម្មជាតិ ។ ប្រុសត្រូវការស្រី ស្រីត្រូវការប្រុសដើម្បីបង្កបង្កើតគ្រួសារ ។ កាមតណ្ហាតែងដុតរោលសត្វលោកគ្រប់ពេលវេលាទោះបីឋិតនៅក្នុងចំណាស់ណាក៏ដោយ ។ ពេលមួយនោះបុរសឬស្ត្រីដែលមានសេចក្តីត្រូវការក្នុងកាមគុណហើយមិនបាន សម្រេចដូចបំណងដោយសារប្តីឬប្រពន្ធនៅឃ្លាតឆ្ងាយពីខ្លួនពេលនោះហើយ ការផិតក្បត់ក៏ចាប់មានកំណើត ប្រសិនបើគេមាន " ឱកាសល្អ " ហុតឲ្យ ។​
            តម្រា"ស្រីហិតោបទេស"ដែលព្រះភិក្ខុប៉ាងខាត់បកប្រែពីភាសាសំស្ក្រឹតត្រង់វគ្គមួយនោះ,ចែងថា៖
" នឹងថាបុរសណាមានចិត្តស្មោះ
ត្រង់ចំពោះភរិយាខ្លួនក៏មិនមែន ,
នឹងថាស្ត្រីណាមានទឹកចិត្តភក្តី ចំពោះ
ស្វាមីក៏មិនមែន; តាមពិត បើគេមាន
ឱកាសតែមួយស្របក់ ទឹកចិត្តភក្តីនោះ
អាចនឹងរលត់រលាយទៅបាន "

(រសជាតិភាសាខ្មែរ)

សុភាសិតទី១១៩

អូសទូកកុំឲ្យល្អាន​​​ ​​ ចាប់ត្រីបានកុំឲ្យល្អក់ទឹក
អត្ថាធិប្បាយ
            " ល្អាន " ក្លាយមកពីពាក្យថា " លំអាន " មានន័យថា ស្នាមឬដាន ។
            អត្ថន័យរបស់សុភាសិតនេះគឺគេចង់ទូន្មានយើងថាក្នុងការចាប់កំហុស មនុស្សណាម្នាក់ដែលមានទោសពិតប្រាកដ គេត្រូវរកវិធីចាប់ឲ្យជាប់ហើយមិនឲ្យលេចឮខ្ចរខ្ចាយ មិនឲ្យមនុស្សនោះ ប្រកែករួចទើបហៅថា " ចំណាប់ "
            នៅក្នុងរឿងនិទានមួយ ដែលជាឧទាហរណ៏ " ចាប់ត្រីបានកុំឲ្យល្អក់ទឹក " ដូចតទៅ៖
            បុរស២នាក់ជាមិត្រនឹងគ្នាទើបនឹងសឹកពីផ្នួសហើយរស់មិនឆ្ងាយពីគ្នាប៉ុន្មានទេ។បុរសទីមួយមានប្រពន្ធ ឯទីពីរនៅលីវ។ទាំងពីរនាក់ស្រឡាញ់គ្នា រាប់អានគ្នាដូចគ្រានៅបួសហើយជួយការពារគ្នា គ្រប់គ្រា      ក្រ ។
            បុរសទីមួយប្រកបមុខរបរខាងជួយដូរតែងធ្វើដំណើរទៅរកស៊ីឆ្ងាយពីផ្ទះជារឿយៗ ទុកប្រពន្ធឲ្យចាំផ្ទះដោយផ្តាំផ្ញើបុរសជាមិត្រឲ្យជួយឃ្លាំមើល សុខទុក្ខជួសខ្លួនផង ។
            កន្លងមកមិនយូរប៉ុន្មាន នាងប្រពន្ធក៏ចាបមានសាហាយជាមួយបុរសម្នាក់ជាកូនអ្នកមានទ្រព្យស្តុក ស្តម្ភ។ ពេលប្តីទៅបាត់នាងតែងនាំសហាយមកដេកនៅជាមួយជានិច្ច។ដំណឹងអាក្រក់នេះបានដឹងទៅដល់បុរសជាមិត្រ។ គេគិតថាបើនិយាយរឿងនេះ ប្រាប់ប្តីត្រង់ៗប្តីប្រាកដជាមិនជឿខ្លួនទេ ព្រោះគេស្រឡាញ់ ប្រពន្ធណាស់ គេមុខជាប្រកែកថានាងមិនអាចក្បត់ខ្លួនយ៉ាងនេះទេ ។តើធ្វើយ៉ាងណាដើម្បីចាប់សហាយឲ្យបានឃើញជាក់នឹងភ្នែក? ។ បុរសដេកគិតហើយក៏រកឃើញកលល្បិចម៉្យាង ។
            គេបានធ្វើហឹបមួយយ៉ាងធំ​ ល្មមខ្លួនមនុស្សចូលទៅដេកបាន រួកយកទៅឲ្យមិត្រដែលមានប្រពន្ធ ទុកដាក់ខោអាវផ្សេងៗ ទុកជាចំណងដៃចំពោះមិត្រ ។ ហឹបនោះមានគន្លឹះសម្រាប់ចាក់សោរការពារពីខាងក្រៅ ។
            បុរសជាប្តីធ្វើជាលាប្រពន្ធទៅជួញដូចគ្រាមុនៗ ។ ប៉ុន្តែគេនាំគ្នាទៅពួនឃ្លាំមើល នៅទីក្បែរផ្ទះ មិនឲ្យប្រពន្ធដឹងសោះឡើយ ។
            ពេលប្តីចេញផុត នាងឲ្យសញ្ញាដល់សហាយ ហើយគេនាំគ្នារួមរ័ក្សដូចសព្វមួយដង ។ អ្នកឃ្លាំទាំងពីរក៏ដើរចូលមកគោះទ្វារហៅប្រពន្ធដែលកំពុងតែរួមស្នេហ៍ ។ ភ័យណាស់មិនដឹងជារត់គេចចេញតាមទ្វារណា នាងក៏ខ្សឹបឲ្យសហាយចូលពួនក្នុងហឹប ។
            ធ្វើឫកពាធម្មតា ហាក់មិនដឹងអ្វីសោះបុរសជាប្តីក៏និយាយទៅកាន់ប្រពន្ធថា" អូន បងវិលមកផ្ទះវិញ , ព្រោះបងត្រូវការយកហឹបទៅដុតចោល ដោយហេតុថាតាំងពីបានហឹបនេះមក វាចេះតែមានវិបត្តិ ឈឺថ្កាត់ រកស៊ីចេះតែខាតបង់មិនចេះ ឈប់ឈរសោះ "
            ឮសម្តីនេះ ប្រពន្ធរន្ធត់ចិត្តហើយមិនដឹងជាឆ្លើយយ៉ាងណាក៏រត់គេចទៅ ជួបឪពុកម្តាយរបស់សហាយខ្លួនក៏ស្ទុះឆ្លេឆ្លារត់ទៅជួបម្ចាស់ហឹប ហើយនិយាយអង្វរសុំទិញ ទោះបីតម្លៃថ្លៃប៉ុនណាក៏ដោយ ។ ពេលនោះបុរសម្ចាស់ហឹបបានវាយតម្លៃយ៉ាងខ្ពស់បំផុត ។ មុនពេលប្រគល់ហឹបគេបានហៅមនុស្សជាច្រើនឲ្យធ្វើជាកសិណសាក្សី ។ គេចាប់ចាក់សោរបើកហឹប បុរសជាសហាយក៏ត្រូវគេឃើញគ្រប់គ្នាកើតក្តីអាម៉ាស់ រកឧបមាមិនបាន ដើរឈ្ងោកមុខវិលទៅផ្ទះវិញ ។​
            នេះជារឿងបញ្ជាក់អត្ថន័យ "ចាប់ត្រីបាន កុំឲ្យល្អក់ទឹក" ។ គេចាប់បុរសជាសហាយបានដោយស្ងាត់ ហើយមិនអាចឲ្យគាត់នោះ ហើបមាត់ប្រកែកបាន សូម្បីមួយម៉ាត់ក៏ទេដែរ ។


(រសជាតិភាសាខ្មែរ)

សុភាសិតទី១១៨

កុំទុកចិត្តមេឃ កុំទុកចិត្តផ្កាយ កុំទុកចិត្តប្រពន្ធថាឥតសាហាយ កុំទុកចិត្តម្តាយ
ថាឥតបំណុល
អត្ថាធិប្បាយ
            អ្នកដែលសរសេរដំបូន្មាននេះប្រហែលជាមានពិសោធន៏ច្រើនក្នុងជីវិតរបស់គេ ទើបបានជាសរសេរពាក្យនេះទុកជាមេរៀនសម្រាប់មនុស្សជាន់ក្រោយ។
            ហេតុអ្វី បានជាគេមិនឲ្យទុកចិត្តមេឃ?
            រឿងមេឃគឺជារឿងទាក់ទងនឹងភ្លៀង ក្តៅត្រជាក់ ខ្យល់និងព្យុះ ។ រឿងទាំងនេះឥតមានអ្នកណាដឹងប្រាកដជាមុនទេ ទោះបីសម័យនេះ មានឧបករណ៏ទំនើបសម្រាប់ពិនិត្យដឹងជាមុនយ៉ាងណាក៏ដោយ ក៏ជូនកាលខុសទទេ ។
            ប្រពន្ធ ឬប្តីរស់នៅជាមួយគ្នារាល់ថ្ងៃ ជួនកាលប្រែជាផិតក្បត់ លបលួចមានសាហាយ ក៏មានព្រោះថា ចិត្តមនុស្សទូទៅ មិនសូវខុសគ្នាប៉ុន្មានទេ កាលណាឃើញអ្នកណាម្នាក់ដែលស្រស់ជាង សង្ហាជាង ចេះជាង ។ល។ តែងមានទឹកចិត្តស្ទុះកញ្ជ្រោលទៅរកអ្នកនោះ ។ ជួនកាលសុបិន្តរបស់គេ អាចក្លាយជាពិត ជួនកាល បានត្រឹមតែលួចស្រឡាញ់ ។ នេះជារឿងធម្មតារបស់មនុស្ស ដែលមានឋានៈ ជាបុថុជ្ជន ។ប្រហែលជាមានមនុស្សតិចគ្នាណាស់ ដែលមានភក្តី ភាព ដូច "នាងកង្រី" ទៅលើគូជីវិត​ របស់ខ្លួន ។
            ម្តាយឪពុករបស់យើងក៏ជាមនុស្សដូចអ្នកឯទៀតដែរ គឺថាមិនមែនមាន គ្រប់គ្រាន់គ្រប់ពេលវេលានោះទេ ។ គាត់អាចនឹងមានបំណុល ។កុំជឿទុកចិត្ត ថាគ្មាននោះឲ្យសោះ ។
            អ្នកអានគួរពិចារណារកការពិតទៅតាមគំនិតរបស់ខ្លួន។ សុភាសិតនេះមិនមែននិយាយទំលាក់កំហុស ឬចោទប្រកាន់ថាមនុស្សទាំងអស់ សុទ្ធតែផិតក្បត់គ្នា ឬសុទ្ធតែមានបំណុលនោះ មិនមែនទេ ។

(រសជាតិភាសាខ្មែរ)

សុភាសិតទី១១៧

កុំទុកចិត្តមេឃ កុំទុកចិត្តផ្កាយ កុំទុកចិត្តប្រពន្ធថាឥតសាហាយ កុំទុកចិត្តម្តាយ
ថាឥតបំណុល
អត្ថាធិប្បាយ
            អ្នកដែលសរសេរដំបូន្មាននេះប្រហែលជាមានពិសោធន៏ច្រើនក្នុងជីវិតរបស់គេ ទើបបានជាសរសេរពាក្យនេះទុកជាមេរៀនសម្រាប់មនុស្សជាន់ក្រោយ។
            ហេតុអ្វី បានជាគេមិនឲ្យទុកចិត្តមេឃ?
            រឿងមេឃគឺជារឿងទាក់ទងនឹងភ្លៀង ក្តៅត្រជាក់ ខ្យល់និងព្យុះ ។ រឿងទាំងនេះឥតមានអ្នកណាដឹងប្រាកដជាមុនទេ ទោះបីសម័យនេះ មានឧបករណ៏ទំនើបសម្រាប់ពិនិត្យដឹងជាមុនយ៉ាងណាក៏ដោយ ក៏ជូនកាលខុសទទេ ។
            ប្រពន្ធ ឬប្តីរស់នៅជាមួយគ្នារាល់ថ្ងៃ ជួនកាលប្រែជាផិតក្បត់ លបលួចមានសាហាយ ក៏មានព្រោះថា ចិត្តមនុស្សទូទៅ មិនសូវខុសគ្នាប៉ុន្មានទេ កាលណាឃើញអ្នកណាម្នាក់ដែលស្រស់ជាង សង្ហាជាង ចេះជាង ។ល។ តែងមានទឹកចិត្តស្ទុះកញ្ជ្រោលទៅរកអ្នកនោះ ។ ជួនកាលសុបិន្តរបស់គេ អាចក្លាយជាពិត ជួនកាល បានត្រឹមតែលួចស្រឡាញ់ ។ នេះជារឿងធម្មតារបស់មនុស្ស ដែលមានឋានៈ ជាបុថុជ្ជន ។ប្រហែលជាមានមនុស្សតិចគ្នាណាស់ ដែលមានភក្តី ភាព ដូច "នាងកង្រី" ទៅលើគូជីវិត​ របស់ខ្លួន ។
            ម្តាយឪពុករបស់យើងក៏ជាមនុស្សដូចអ្នកឯទៀតដែរ គឺថាមិនមែនមាន គ្រប់គ្រាន់គ្រប់ពេលវេលានោះទេ ។ គាត់អាចនឹងមានបំណុល ។កុំជឿទុកចិត្ត ថាគ្មាននោះឲ្យសោះ ។
            អ្នកអានគួរពិចារណារកការពិតទៅតាមគំនិតរបស់ខ្លួន។ សុភាសិតនេះមិនមែននិយាយទំលាក់កំហុស ឬចោទប្រកាន់ថាមនុស្សទាំងអស់ សុទ្ធតែផិតក្បត់គ្នា ឬសុទ្ធតែមានបំណុលនោះ មិនមែនទេ ។

(រសជាតិភាសាខ្មែរ)

សុភាសិតទី១១៦

កុំទុកចិត្តប្រទេស កុំទុកចិត្តអភិនេស្ក្រម៍ ប្រើទំលែងខ្ពស់ រំពឹងឲ្យឆ្ងាយ
ស្តាប់ពាក្យបរិយាយ បណ្តាំមេជី

អត្ថាធិប្បាយ
            នេះជាពាក្យកំណាព្យស្រង់ចេញពីច្បាប់ឈ្មោះ " រាជនេតិ " តែងដោយព្រះរាជសម្ភារ ។
            មុននឹងធ្វើអត្ថាធិប្បាយ យើងគួររៀនពាក្យខ្លះដែលជាគន្លឹះសម្រាប់ជួយឲ្យងាយយល់នូវសម្តីទាំងអស់នេះ ដូចតទៅ៖
-       បរទេស : មនុស្សដទៃក្រៅពីខ្លួនយើង ក្រៅពីគ្រួសារយើង ក្រៅពីសង្គមយើង ក្រៅពីជាតិយើង
-       អភិនេស្ក្រម៍ (អានថា អាក់-ភិ-នេស) : អ្នកបួស បព្វជិត គ្រប់សាសនាទាំងអស់;
-       អភិប្រាយ (អានថា អាក់-ភិ-ប្រាយ) : សម្តីព្រោកប្រាជ្ញ វោហារ ជួនរណ្តំហូរដូចទឹក
-       ប្រើទំ : ខ្លួនជាអ្នកតូចតាច អង្កាច់អង្កោចហើយកាន់ឫកពាធ្វើហាក់ជាអ្នកចេះជាអ្នកចាត់ការ ឬជាអ្នកមុខអ្នកការក្នុងពិធីអ្វីមួយដែលគេមិនបានចាត់តាំងខ្លួនសោះ
-       មេជី : ស្ត្រីមានវ័យចាស់ កោរសក់ស្លៀកពាក់លឿងឬពណ៌សហើយកាន់សីល១០ជានិច្ចច្រើននៅជាមួយព្រះសង្ឃក្នុងវត្តដើម្បីប្រព្រឹត្តធម៌ ។ជួនកាលយើងហៅ " យាយជី "
ច្បាប់រាជនេតិប្រដៅកូនចៅខ្មែរឲ្យចាំជានិច្ចនូវរឿងសំខាន់បួនប្រការដែលជាំរឿងទាក់ទងងអាយុជីវិតរបស់ខ្លួនរបស់គ្រួសារខ្លួនរបស់សង្គមខ្លួនជាតិខ្លួននិងប្រទេសរបស់ខ្លួន ដូចតទៅនេះ៖
- កុំទុកចិត្តបរទេស : គួរចាំថាអ្នកណាក៏ដោយដែលចូលមកជួយយើង បើគេមិនបានចំណេញអ្វីពីយើងទេ គេប្រាកដជាំមិនបង្ខាតពេលវេលារបស់គេទេ ។ ព្រះវេស្សន្តរដែលហ៊ានចំណាយទ្រព្យទាំងឃ្លាំង រហូតដល់លះបង់ប្រពន្ធនិងកូនឲ្យទៅតាជូជកព្រាហ្មណ៏ ។ល។ ក៏ព្រោះតែចង់បានចំណេញអ្វីមួយមកវិញដែរគឺ " ចង់ធ្វើជាព្រះពុទ្ធ "
នៅក្នុងលោកនេះ មានមនុស្សតិចណាស់ដែលមានសន្តានស្មោះត្រង់កាន់សច្ចៈ សុចរិត យុត្តិធម៌ ពិតប្រាកដ ជួយគេដោយគ្មានបំណង ចង់ទាក់ទាញយកផលកម្រៃមកដាក់ហោប៉ៅខ្លួន។ ដោយហោចណាស់ គេចង់បានឈ្មោះល្បីថាជាអ្នកជួយ ជាមនុស្សសប្បុរស ជាអ្នកសាសនា ជាអ្នកបួស ។ល។
ដោយហោចនេះ គួរយល់ថាជំនួ្ ឬ អំណោយខ្លះ គឺជា "នុយ"សម្រាប់ស្ទូចយកអ្វីមួយពីយើង ។ យើងត្រូវតែប្រុងប្រយ័ត្ន កុំទុកចិត្តទាំងស្រុង កាលណា " បរទេស " ណាម្នាក់ យកអ្វីមួយមកឲ្យយើងធ្វើឫកពាស្រគត់ស្រគំ រម្យទមដាក់យើង។សុំកុំអាលអរ ក្រែងលោ "ជាប់សន្ទូច"របស់គេ ! ។
នៅក្នុងវប្បធម៌អាមេរិកាំង ឬជនជាតិអឺរ៉ុបភាគច្រើន គេធ្វើអំណោយទៅវិញទៅមកនៅពេលបុណ្យ" គ្រិស្ទស្មាស់ (Christmas)។អំណោយដែលធ្វើក្រៅពី ពេលនេះមានដូចជាសម្រាប់បុណ្យថ្ងៃកំណើតនិងអាហ៏ពិពាហ៏។បើស្រាប់តែនៅស្ងៀមហើយយើងយកអ្វីមួយទៅឲ្យគេ នឹងសួរយើងថា"ហេតុអ្វីបានជាអ្នកឲ្យខ្ញុំ?​។
- កុំទុកចិត្តអភិនេស្ក្រម៍ : ខ្មែរភាគច្រើនឲ្យតែឃើញអ្នកណាកោរសក់ ស្លៀកពាកស្បង់ចីពរ ពណ៌លឿ ធ្វើឫកស្រគត់ស្រគំ រុយទំមិនបក់ បើកភ្នែកតូចៗ ដូចព្រះពុទ្ធរូបក្នុងព្រះវិហារ ។ល។ តែងនាំគ្នាគោរព ថ្វាយបង្គំប្រគេនចង្ហាន់ នំចំណីទាំងថាសហើយនាំគ្នាជឿទាំងស្រុងថាជា " អ្នកបួស " ស្វែងរកមោក្ខធម៌ ពិតប្រាកដដោយមិនចាំបាច់សួររកឫសគល់ប្រវត្តិរូបអ្វីទាំងអស់ ។
មនុស្សជាច្រើនដែលមិនមែនជាអ្នកបួសសោះហើយក្លែងធ្វើជាអ្នកបួសដើម្បីស្វែងរកលុយកាក់ ទ្រព្យសម្បត្តិ ក្នុងនាមជា "ព្រះសង្ឃ " ។ តាមការពិត មនុស្សនោះជាសត្វលាដែលពាក់ស្បែកខ្លា ជាស្វាពាក់ម្កុដសោះ !
នៅសហរដ្ឋ ជាពិសេសនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា (California) នអ្នកបួសនិងវត្តតូចតាចជាច្រើនដែលឋិតនៅពាសពេញឥតមានសង្ឃនាយកណាមួយចាំជួយណែនាំតម្រង់ផ្លូវឲ្យត្រូវតាមគន្លងព្រះពុទ្ធសាសនាសោះឡើយ ។វត្តភាគច្រើនឋិននៅក្នុងភាពឯករាជ្ គ្មានអ្នកណាត្រួតអ្នកណាទេ ។ម៉្លោះហើយ ការប្រព្រឹត្តខុ គ្រប់បែបយ៉ាងក៏លាន់ឮទៅគ្រប់ទិសទី , ដូចជា ៖
-       ធ្វើគ្រូទា មើលរាសីឡើចុះ មើលគូព្រេង
-       ​ប្រើមន្តស្នេហ៍ដើម្បីដាក់ប្តីឬ ប្រពន្ធដែលរត់ចោលខ្លួនទៅមានថ្មីទៀត
-       ស្តោះផ្លុំ រំដោះគ្រោះ តម្លើងរាសី ពួកស្រីៗដោយឱនឈ្ងោកមាត់ ទៅជាប់នឹងក្បាលស្រី
-       ដើរស្រោចទឹកប្រោះព្រំ ធ្វើកន្សែងយ័ន្តតាមហាងខ្មែរចិនយួនខ្លះដើម្បីឲ្យរកស៊ីមានបាន ចំណេញឆាប់ ។ល។
មានមនុស្សជាច្រើន ដែលគេស្គាល់ថាជាមនុស្សខ្វះការសិក្សា ចេះអានអក្សរខ្មែរ ថ្នាក់ប្រកបមានកូន មានប្រពន្ធ ប្រមឹក រស់នៅមិនចុះសម្រុងគ្នាជាមួយគ្រួសាររួតទៅបួសបានទទួលការថ្វាយបង្គំ ប្រណម្យ        អញ្ជលីពីយាយាតាឯទៀត បាយស្រាប់ សម្លស្រាប់ ទឹកភ្លើងស្រាប់ អាសនៈស្រាប់ ក៏តាំងជិះសេះ លែងដៃបណ្តោយ គ្មានធ្វើការអ្វីសោះ គិតតែពី " ឆាន់ហើយ សឹង ! សឹងហើយឆាន់ " ។ ត្រង់ណាទៅដែលហៅថា " ផ្សាយព្រះពុទ្ធសាសនា " នោះ? នៅត្រង់ សូត្រធម៌ ម៉ា ម៉ា យកលុយផ្ញើលួចលាក់ទៅប្រពន្ធដើម ឬ ស្រីកំណាន់ ដែលរង់ចាំ តែបោកនោះឬ ?​ ។
មានរឿងអាក្រក់ៗ ជាងនេះទៅទៀត ដែលធ្វើឡើងដោយអ្នកបួសក្លែងក្លាយនៅក្នុងសហរដ្ឋជាមនុស្សពាល ជាចោរ ជាមេបោកប្រាស ជាអ្នកលួចកូនប្រពន្ធគេ ក្នុងនាមព្រះសមណគោតម បរមគ្រួរបស់យើង ដែលមិនបានបង្រៀនមេរៀនថោកទាបនេះម្តងណាសោះ ។ ដោយហេតុនេះហើយ បានជាច្បាប់រាជ នេតិ ទូន្មានថា " កុំទុកចិត្តអភិនេស្ក្រម៍ " ។ លោកចង់បំភ្លឺយើងថា " មិនមែនអ្នកបួសទាំងអស់ ប្រាកដជាអ្នកបួសមែនទែន " នោះទេ ។ គួរតាមដានឲ្យបានវែងឆ្ងាយ ពិនិត្យឲ្យជាក់ តើប្រវត្តិរូបមនុស្សនោះ បែបណាខ្លះ? រៀនសូត្រថ្នាក់ណា? មកពីស្រុកទេសណា?បួសនៅវត្តណា?បួសពីអង្កាល់? ពិនិត្យមើលចរិកលក្ខណៈ ។ល។
ខ្ញុំនៅចាំបានពាក្យប្រៀបប្រដៅរបស់លោកគ្រូខ្ញុំដែលតែងរំលឹកថា៖ តើដែលហៅថាលោកសង្ឃនោះ នៅត្រង់ណា? នៅត្រង់ស្លៀកពាក់ស្បង់ចីពរ ពណ៌លឿង? ត្រង់កោរសក់? ឬនៅត្រង់អត់បាយល្ងាច? សុំឆ្លើយ !
លោកគ្រូបញ្ជាក់ថា៖ " សុំកុំច្រឡំ ស្បង់ចីពរមានលក់នៅហាង អ្នកណាក៏ទិញយកមកប្រើបានដែរ ចំណែកកោរសក់ សាសន៏ចាមកោរស្ទើរទាំងអស់គ្នា តើមានអ្វីអស្ចារ្យ? រីឯរឿងអត់បាយល្ងាចវិញ ពួកឆ្កែវត្ត ក៏អត់បាយល្ងាចដែរ មានអ្វីគួរឲ្យកោត? "
នេះជាសម្តីរបស់ព្រះគ្រូធម្មបញ្ញា ស្មោញសំរិទ្ធិ ជាចៅអធិការវត្តសិរីបុទុម (អន្ទង់ស) ស្រុកកងមាស , ខេត្តកំពង់ចាម ដែលបានទទួលអនិច្ចធម្ម សម័យសម្លាប់រង្គាល (សម័យ ប៉ុល ពត) ១៩៧៥-១៩៧៩ ។
- " កុំទុកចិត្តអភិប្រាយ "  មនុស្សខ្លះមានវោហារ ព្រោកប្រាជ្ញនិយាយបែកជាអូរហូរជាស្ទឹង ហាក់ដឹងសព្វគ្មានចន្លោះត្រង់ណា ។ អ្នកផងអង្គុយស្តាប់ច្រហមាត់ស្ទើរតែភ្លេចដកដង្ហើម។ ប្រយ័ត្ន! មនុស្សប្រភេទនេះ ភាគច្រើនបានត្រឹមតែនិយាយចោល និយាយឲ្យគេកោតសរសើរ ឯសាច់ការវិញស្មើនឹងសូន្យ ។ ហេតុនេះ គួរប្រយ័ត្នមិនគួរទុកចិត្ត " អភិប្រាយ " ខ្លាំងពេកទេ ។
- " ប្រើចាស់ លែងទំ " ពាក្យនេះ បង្កប់អត្ថន័យ ក្នុងភាពអាថ៌កំបាំង ។ " ប្រើចាស់ " គឺ កាន់ឫកខ្ពស់ ហួសពីកំពស់របស់ខ្លួន ដូចជា៖ មិនចេះ ហើយធ្វើជាចេះ មិនមែនជានាយក ហើយធ្វើហាក់ជានាយក ត្រួតគេឯង មិនត្រូវអង្គុយជួរមុខសោះ ហើយទៅអង្គុយត្រង់នោះ ដែលជាកន្លែងគេរៀបទុក សម្រាប់ជនពិសេស មានឋានៈខ្ពស់ ។
" លែងទំ " មានន័យថាអស់យស ចុះថោក អស់តម្លៃ ។
នៅក្នុងប្រពៃណីខ្មែរក៏ដូចប្រពៃណីអន្តរជាតិ ភាគច្រើនដែរនៅក្នុងរឿងអង្គុយ ។​ តាមធម្មតា កាលណាមានពិធីអ្វីមួយ គេតែងរៀបចំកន្លែងសម្រាប់ភ្ញៀវតូច ធំ ។ អ្នកមុខ អ្នកការត្រូវអង្គុយជួរមុខ ឯជួរបន្ទាប់ គឺសម្រាប់មនុស្សដែលមានឋានៈរង (ថ្នាក់បន្ទាប់) ជួរខាងក្រោយសម្រាប់មនុស្សសាមញ្ញ ។
មុននឹងអង្គុយត្រូវសួរខ្លួនឯងថា " តើអាត្មាអញជាភ្ញៀវថ្នាក់ណា? រួចហើយត្រូវទៅអង្គុយឲ្យត្រូវទៅតាមឋានៈខ្លួន។​ បើមិនធ្វើដូច្នេះទេ គឺថាខ្លួនជាភ្ញៀវសាមញ្ញសោះ ហើយបែរទៅជាអង្គុយក្នុងជួរអ្នកមុខអ្នកការ  ពេលនោះហើយត្រូវ " អស់ទំ " ព្រោះត្រូវគេដេញឲ្យចុះចេញពីកន្លែងនោះ ទៅអង្គុយខាងក្រោយ វិញ ។
តាមទំនៀមខ្មែរ ក្នុងរឿងអង្គុយពេលមានពិធីបុណ្យណាមួយបើយើងមិនដឹង អ្វីទាំងអស់គួរអង្គុយជួរកណ្តាលឬជួរក្រោយ ។ រង់ចាំឲ្យគេហៅសិន សឹមរំកិលខ្លួនទៅជួរមុខ ។ នេះគឺជាភាពថ្លៃថ្នូរ ។ផ្ទុយទៅវិញ​ ភាពថោកទាបនៅត្រង់គេបណ្តេញពីខាងមុខ​ ឲ្យត្រឡប់ទៅក្រោយវិញ! ។ នេះជាន័យរបស់ពាក្យថា " ប្រើចាស់លែងទំ "
ពាក្យប្រដៅទាំងប៉ុន្មាន​ ដែលរៀបរាប់មកនេះ គឺពាក្យបរិយាយ (បណ្តាំ) របស់ដូនជី ចំពោះជនណាដែលចង់បង្កើនការចេះដឹងរបស់ខ្លួន ទៅកាន់ភាពថ្លៃថ្នូរ ផុតពីការបោកប្រាស់នានា ដែលតែងកើតមានជារឿយៗ ។


(រសជាតិភាសាខ្មែរ)

សុភាសិតទី១១៥

អូនអើយកុំសើចនឹងបងប្រយ័ត្នពៀរឆ្លងម្តងម្នាក់
អត្ថាធិប្បាយ
            នេះគឺពាក្យប្រៀនប្រដៅមួយនៅក្នុងរឿង " ពេបជ្រាយ " ដាក់អ្នកដទៃនៅពេលដែលអ្នកនោះ ធ្លាក់ខ្លួនទៅក្នុងមហន្តរាយណាមួយ ។
            មនុស្សយើងម្នាក់ៗ ទោះមានបុណ្យស័ក្តិខ្ពង់ខ្ពស់ថ្នាក់ណាក៏ដោយ ទោះ មានទ្រព្យសម្បត្តិជាមហាសេដ្ឋីក៏ដោយ ទោះមានអំណាចធំប៉ុនណាក៏ដោយក៏មិនអាចជៀសរួចពីគ្រោះថ្នាក់ធ្លាក់ខ្លួនក្នុងក្តីមហន្តរាយ នៅថ្ងៃណាមួយជាមិនខាន ។
            បើឃើញគេមានគ្រោះថ្នាក់បែបណាម៉្យាងនៅក្នុងគ្រួសាររបស់គេ យើងមិនគួរសើចចំអក ឬនិយាយបញ្ឈឺដោយសារមនុស្សនោះជាសត្រូវរបស់ខ្លួននោះទេ ។ ជាការល្អយើងគួរដោយហោចណាស់សម្តែងនូវសមានចិត្តអាណិតអាសូរដល់គ្នាផងប្រសិនបើមិនអាចជួយអ្វីបាន ។ នេះជាន័យរបស់ឃ្លាថា "អូនអើយកុំសើចនឹងបង "
            សុភាសិតមួយរបស់អាមេរិចកាំងនិយាយថា៖ Everyone has ups and downs ។ មានន័យថា៖ មនុស្សម្នាក់ៗតែងមានចុះនិងឡើង ។
            ដោយហេតុនេះ ជាមនុស្សមិនត្រូវ " សើចចំអក " ទៅលើរឿងគ្រោះថ្នាក់របស់អ្នកដទៃទេ ព្រោះថា គង់ថ្ងៃណាមួយគ្រោះថ្នាក់ដដែលនោះ អាចនឹងកើតមានដល់ខ្លួនអ្នកសើចនោះមិនខាន (ប្រយ័ត្នពៀរឆ្លង ម្តងម្នាក់) ។




សុភាសិតទី១១៤

ឃ្លាតកាយ ណាយចិត្ត

អត្ថាធិប្បាយ
            មនុស្សភាគច្រើនកាលណារស់នៅក្បែរគ្នាតែងរាប់អានគ្នា ស្រឡាញ់គ្នា ជួយគ្នាទៅវិញទៅមក ។ លុះដល់ពេលមួយនោះ គេត្រូវបែកគ្នាទៅនៅកន្លែងមួយ ឆ្ងាយដាច់ពីគ្នា ខានទាក់ទងគ្នា ខាននិយាយគ្នា ។ល។ ពេលនោះ ចិត្តស្រឡាញ់ក៏រលាយបន្តិចម្តងៗ រហូតដល់អស់រលីងលែងនឹកគ្នា ។
            កន្លងយូរឆ្ងាយមក ជួនកាលក៏ភ្លេចមុខគ្នា រហូតឈឹងសូន្យតែម្តង ។
            ការប្រយ័ត្នដែលយើងត្រូវចងចាំគឺការឃ្លាតកាយរវាងប្តីប្រពន្ធ ។ មានរឿងច្រើនណាស់ ដែលប្រាប់ពីលទ្ធផលនៃការរស់នៅដាច់ឆ្ងាយពីគ្នារវាងប្តីនិងប្រពន្ធដែលទីបំផុតបានជួប " ការព្រាត់ប្រាស់ "ដោយសារការផិតក្បត់ ។
            យើងគួរយល់ថាជីវិតគ្រួសារគឺជាជីវិតស្នេហា ដែលជាច្បាប់ធម្មជាតិ ។ ប្រុសត្រូវការស្រី ស្រីត្រូវការប្រុសដើម្បីបង្កបង្កើតគ្រួសារ ។ កាមតណ្ហាតែងដុតរោលសត្វលោកគ្រប់ពេលវេលាទោះបីឋិតនៅក្នុងចំណាស់ណាក៏ដោយ ។ ពេលមួយនោះបុរសឬស្ត្រីដែលមានសេចក្តីត្រូវការក្នុងកាមគុណហើយមិនបាន សម្រេចដូចបំណងដោយសារប្តីឬប្រពន្ធនៅឃ្លាតឆ្ងាយពីខ្លួនពេលនោះហើយ ការផិតក្បត់ក៏ចាប់មានកំណើត ប្រសិនបើគេមាន " ឱកាសល្អ " ហុតឲ្យ ។​
            តម្រា " ស្រីហិតោបទេស " ដែលព្រះភិក្ខុ ប៉ាង ខាត់ បកប្រែពីភាសាសំស្ក្រឹតត្រង់វគ្គមួយនោះ, ចែងថា៖
" នឹងថាបុរសណាមានចិត្តស្មោះ
ត្រង់ចំពោះភរិយាខ្លួនក៏មិនមែន ,
នឹងថាស្ត្រីណាមានទឹកចិត្តភក្តី ចំពោះ
ស្វាមីក៏មិនមែន; តាមពិត បើគេមាន
ឱកាសតែមួយស្របក់ ទឹកចិត្តភក្តីនោះ
អាចនឹងរលត់រលាយទៅបាន "

(រសជាតិភាសាខ្មែរ)

សុភាសិតទី១១២

ដើរឲ្យមានបី ស្រដីឲ្យមានបួន

អត្ថាធិប្បាយ
            នេះជាពាក្យប្រដៅកូនចៅណាដែលប្រាថ្នាចង់បានសេចក្តីសុខកាយសប្បាយចិត្ត គ្រប់ទីកន្លែងដែលខ្លួនរស់​ នៅ ។ 
"សុខ"កើតពីយើងធ្វើ,មិនមែនកើតឡើងឯងៗ នោះទេ ។ យ៉ាងណាមិញបើយើងស្រឡាញ់ សុខហើយ​​ស្អប់ខ្ពើមទុក្ខតម្រាខាងលើនេះជាចម្លើយណែនាំផ្លូវទៅកាន់សុខយ៉ាងស័ក្តិសិទ្ធ មកដល់ខ្លួននិងគ្រួសារខ្លួន ។
ដើរឲ្យមានបី
            ទោះបីទៅរស់នៅទីណាក៏ដោយ ដើរទៅកន្លែងណាក៏ដោយ គប្បីកាន់សីលធម៌ ៣ ប្រការខាងក្រោម ឲ្យជាប់ (កុំឲ្យដាច់) គឺ៖
            .កុំកាប់សម្លាប់គេ
            .កុំលួច
            .កុំសេពកាមគុណជាមួយ " កូន-ប្រពន្ធ ប្តី " របស់គេ ឬថា"កុំលួចកូន ប្រពន្ធឬប្តី " របស់គេ ។
ស្រដីឲ្យមានបួន
សីលធម៌៣​ ប្រការខាងលើមិនទាន់គ្រប់គ្រាន់ទេ យើងត្រូវកាន់សីលធម៌ ៤ ប្រការទៀត សម្រាប់ " មាត់ " របស់យើង ទើបអាចទទួល សុខពេញលេញ បាន ។ សីលធម៌ទាំង ៤ នោះគឺ៖
-កុំនិយាយកុហក (ភូតភរបោកប្រាស)
-កុំញុះញង់ (ឲ្យគេបែកបាក់គ្នា)
-កុំនិយាយដើមគេ
-កុំនិយាយពាក្យរោយរាយ (ពាក្យឥតខ្លឹមសារ)
            នេះគឺជាច្បាប់ឬជាវិន័យដែលអាចនាំមកនូវសេចក្តីសុខកាយសប្បយចិត្ត ផុតក្តីបារម្ភគ្រប់យ៉ាងគ្រប់ទីកន្លែងដែលយើងស្នាក់អាស្រ័យ ។

(រសជាតិភាសាខ្មែរ)

សុភាសិតទី១១១

នៅស្រុកតោងស្រាស់បន្លា អារសាច់ជូនខ្លាទើបនៅស្រុកបាន
អត្ថាធិប្បាយ
            ការរស់នៅក្នុងស្រុកភូមិជាមួយគេឯងត្រូវតែ " ស្រាស់បន្លា " ។ តើពាក្យ នេះ មានន័យយ៉ាងណា? ។ បន្លាគឺជាវត្ថុដែលមានមុខស្រួចដូចម្ជុលអាចនឹងចាក់ទម្លាយសាច់យើងឲ្យចេញឈាម ហើយឈឺចាប់ ។
            សុភាសិតខាងលើចង់ប្រាប់ឲ្យយើងដឹងថា"ត្រូវប្រយ័ត្នពាក្យសម្តីដែលយើងនិយាយទៅកាន់អ្នកដទៃ ។ សម្តីណាដែលធ្វើឲ្យគេខឹង ដូចជា៖ ការនិយាយដើម , ការមូលបង្កាច់ , បរិហារកេរ្តិ៍គេ , ជេរប្រទេច , សម្តីផ្លែផ្កា , ពាក្យមើលងាយ , ការបង្អាប់បន្តុះ។ល។ទាំងនេះ គឺជាបន្លាដែលយើងត្រូវតែស្រាស់ (កប់ទុកក្នុងខ្លួន) កុំឲ្យចេញមកក្រៅឲ្យសោះ ។ បើមិនដូច្នេះ វានឹងមុតសាច់យើងមិនខាន ។
            សម័យបូរាណភូមិនីមួយៗតែងមានមេភូមិម្នាក់ដែលមានករណីកិច្ចត្រួតត្រាមនុស្សទាំងអស់ឲ្យ​គោរពច្បាប់របស់ភូមិ ដើម្បីសុខសប្បាយទាំងអស់គ្នា។ អ្នកភូមិត្រូវតែចែកចាយវត្ថុដែលខ្លួនរកបានដូចជា៖ មាសប្រាក់ ត្រីសាច់ បន្លែផ្លែឈើ ។ល។ ជាមួយមេភូមិ ឬមេកន្ទ្រាញ ។ ការបែងចំណែកបែបនេះ គេហៅថា " អារសាច់ជូនខ្លា " ពីព្រោះវាមិនមែនជាអំណោយដែលចេញមកពីបេះដូងនោះទេគឺជាការបង្ខំចិត្តមិនអាចប្រកែកបាន ! ។
            សម័យក្រោយមករហូតមកដល់ថ្ងៃនេះក៏មិនខុសពីសម័យដើមប៉ុន្មានដែរ, គឺពលរដ្ឋម្នាក់ៗ ត្រូវមានករណីយកិច្ចជាចាំបាច់ បង់ ពន្ធអារកទៅតាមប្រាក់ចំណូលដែលរកបាន ។ បើជនណាម្នាក់ប្រកែក , ជននោះ ត្រូវប្រឈមមុខជា​មួយផ្លូវច្បាប់ជាយថាហេតុ ។

 (រសជាតិភាសាខ្មែរ)

Monday, April 25, 2011

សុភាសិតទី១១០

បានស្វាយ ណាយក្រូច
អត្ថាធិប្បាយ

            ពាក្យនេះ បញ្ជាក់រឿងចិត្តមនុស្សប្រែប្រួលនៃមនុស្សលោក ដែលគេចាត់ទុកជារឿងធម្មតាទៅហើយ ជាពិសេសក្នុងរឿងស្នេហា ។
            មនុស្សទោះបីប្រុសក៏ដោយ ស្រីក៏ដោយមិនងាយមានអ្នកណាម្នាក់ដែលមានចិត្តភក្តីស្មោះមួយនឹងមួយ លុះគ្រាអវសានជីវិត ដូចពាក្យគេស្បថនៅគ្រាជួបគ្នាជាលើកដំបូងនោះទេ ។
            តាមពិតសម្បថគឺជាពាក្យដែលគេនិយាយឡើងដើម្បីឲ្យម្នាក់ទៀតជឿទុក ចិត្ត , គ្មានអ្វីដែលជាអាជ្ញា សម្រាប់សង្កត់កុំឲ្យប្រែប្រួលចិត្តទៅថ្ងៃក្រោយបានឡើយ ។ មនុស្សលោក កម្រមានអ្នកសុចរិតណាស់ ។ ការប្រែប្រួលចិត្តក្លាយជា រឿងធម្មតាដែលយើងត្រូវតែយល់ ។ ក្នុងកិច្ចពាណិជ្ជកម្ម , ឧទាហរណ៏៖ រឿងខ្ចី ប្រាក់ , បើគ្មានវត្ថុ (មាស , ពេជ្រ , ផ្ទះ) យកទៅកក់ទេ ប្រហែលជាគេមិនព្រមឲ្យយើងខ្ចីទេ ព្រោះតែមិនជឿចិត្ត ។
            " បានស្វាយ ណាយក្រូច " និយាយសំដៅជាពិសេសទៅលើរឿងស្នេហា ហើយនិងមិត្រភាព រវាងមនុស្សពីរនាក់ ដែលស្រឡាញ់គ្នាយ៉ាងប្តូរផ្តាច់មួយនឹងមួយ ស្បថសន្យាថានឹងមិនបោះបង់ចោលគ្នា លុះត្រាជីវិតបង់ ។ ក្រោយ មក គេចង់ជួបមនុស្សថ្មីទៀត ដែលគេយល់ថាល្អជាង , ស្អាតជាង ស្រស់ជាង គេក៏ចាប់ចងមេត្រីភាពជាមួយមនុស្សថ្មីនោះ ។ កាលណាមេត្រីភាពចាប់លូតលាស់ គេក៏ចាប់ជិនណាយនឹងមិត្រចាស់ បន្តិចម្តងៗ ហើយចុងក្រោយបំផុត ក៏អាចដាច់ ស្រឡះពីគ្នា ។​ រឿងនេះ មិនមែនមានការចម្លែកខ្លាំងប៉ុន្មានទេ គឺថាវាជារឿងធម្មតា របស់មនុស្សលោក កាលណាបានរបស់ថ្មី , គេមិនស្រឡាញ់របស់ចាស់ ដូចគេ ធ្លាប់ស្រឡាញ់មកនោះទេ ! ។

 (រសជាតិភាសាខ្មែរ)

សុភាសិតទី១០៩

សន្សឹម កុំបំបោល ក្រែងពុំដល់ដូចប្រាថ្នា
អត្ថាធិប្បាយ
            នេះគឺជាពាក្យដឹមនាំសម្រាប់គ្រប់កិច្ចការ ដែលយើងធ្វើ ។ បុព្វបុរសយើង ជាមនុស្ស ចាស់ទុំ មានពិសោធន៏បរិបូណ៌ក្នុងជីវិត រួចហើយបានចងក្រងពាក្យខាង លើនេះយ៉ាងខ្លីសម្រាប់ជាមេរៀនដល់កូនចៅជាន់ក្រោយ ។
-       សន្សឹម មានន័យថា " កុំលឿនពេក , យឺតៗ , ថ្នមៗ , បន្តិចម្តងៗ តែហ្មត់ចង់ "
-       បំបោល មានន័យថា " លឿនពេក , រត់ , ប្រញាប់ពេក , ឆក់កណ្តៀត , ស្ទុះស្ទា "
លោកប្រដៅថា កិច្ចការណាដែលធ្វើដោយសន្សឹមៗ , មិនហក់លោត , មិនស្ទុះ ស្ទា​ កិច្ចនោះច្រើនបានសម្រេច (ចប់) ល្អឥតខ្ចោះ ។
ចំណែកកិច្ចការណា ដែលគេធ្វើរហ័សពេក ដើម្បីឲ្យចប់ឆាប់ (បំបោល) , កិច្ចការនោះច្រើនដេកផ្លូវគឺថា ធ្វើបានត្រឹមមួយកំណាត់ , ហើយក៏ចប់ត្រឹមនោះទៅ ព្រោះជួបនឹងឧបស័គ្គផ្សេងៗ ដែលកើតពី " បំបោល " នោះ ។

(រសជាតិភាសាខ្មែរ)

សុភាសិតទី១០៨

ប្រាជ្ញាបុណ្យផង កើតដោយប្រតិបត្តិ

អត្ថាធិប្បាយ
            ពាក្យនេះ អាចមានន័យ ២ យ៉ាង , គឺ:
-​ បើជនណាម្នាក់ ដែលប្រាថ្នាបុណ្យស័ក្តិ ឲ្យបានកាន់តែធំឡើងកាន់តែ ខ្ពស់ឡើង ជននោះ ត្រូវតែលុតក្រាបគោរពអោនលំទោនយកចិត្តផ្គាប់ចៅហ្វាយ គ្រប់ពេល , ធ្វើយ៉ាងណាឲ្យចៅហ្វាយពេញចិត្ត ។ ចៅហ្វាយចង់បានអ្វីត្រូវរកវត្ថុនោះមកជូនចៅហ្វាយឲ្យទាល់តែបាន ។ កុំទទឹងរឹងរូសចំពោះបទបញ្ជាទោះបី បញ្ជានោះ ខុសក្បួនយ៉ាងណាក៏ដោយ ។
            - ពាក្យថា " ប្រាជ្ញា " គឺការឆ្លាតវាងវៃ ប៉ិនប្រសប់ឆាប់យល់ មិនងាយ គេបោកបាន ។ល។
           
            ឯពាក្យថា " បុណ្យ " គឺសំដៅទៅលើ​ :
            - អំពើល្អ ដែលជនណាម្នាក់ បានធ្វើទៅលើអ្នកឯទៀត ហើយដោយសារអំពើនោះសេចក្តីសុខសប្បាយ ក៏កើតមានដល់ជននោះ ។
            ប្រាជ្ញា និងបុណ្យមិនដែលកើតមានជាស្វ័យប្រវត្តិ(កើតឯង) ម្តងណាឡើង ។ លុះត្រាតែគេ ប្រតិបត្តិ ទើបទទួលរបស់ទាំង ២ មុខនេះ ។ ពាក្យថា ប្រតិបត្តិមាន ន័យថា : " ធ្វើ ឬ បង្កើត " ។ អ្វីក៏ដោយ បើគេមិនបង្កើតវាទេ ប្រហែលជាវាមិនអាចកើតបានឡើយ ។ ដូច្នេះហើយ​ បានជាព្រះពុទ្ធសាសនា មានគោលជំហរ , ក្នុងការប្រៀនប្រដៅ មនុស្សលោក , ទៅលើ កម្មផល
            " កម្ម " គឺអ្វីទាំងអស់ ដែលយើងធ្វើ ដោយកា​​យ វិចា ចិត្ត ។ អំពើទាំងអស់ដែលយើងធ្វើ បើបំព្រួញឲ្យខ្លីបំផុត មានតែ ២ យ៉ាង, គឺ បុណ្យ និង បាប។ កាលណាយើង ធ្វើល្អ ទៅលើខ្លួនយើងក្តី​ ទៅលើអ្នកដទៃក្តី ឈ្មោះថា " បានធ្វើបុណ្យ " ។ បើធ្វើអាក្រក់ ឈ្មោះថា " ធ្វើបាន "
            " ផល " គឺអ្វីមួយ ដែលចេញមកឲ្យយើង ដោយសារអំពើដែលយើងធ្វើនោះ ។ ឧទាហារណ៏ : ថ្ងៃណាមួយក្រោយមកយើងមានអាសន្នគេនឹងជួយយើងវិញ ។ ត្រង់នេះ ឯងហើយ ដែលគេហៅថា " ធ្វើបុណ្យបុណ្យជួយ " ។ ចុះបើយើងមិនដែលជួយអ្នកណាសោះ មិនដែលធ្វើទាន (អំណោយ) ដល់អ្នកណាសោះ តើអាចនឹងកើត " បុណ្យ " បានទេ? ។ គ្មានបុណ្យទេ ហើយប្រាកដជាគ្មានអ្នកណានឹកឃើញរូបយើងដែរ ។ មានសុខ ទុក្ខ យ៉ាងណាដោះស្រាយតែម្នាក់ឯងទៅ! ។
            ប្រាជ្ញា និងបុណ្យកើតមកពីប្រតិបត្តិ (ធ្វើ) , មិនដែលកើតឡើងឯងៗនោះទេ ។ បើយើងមិនព្រមលើកដៃទៅធ្វើអ្វីមួយទេ (កិច្ចការគ្រប់ជំពូក : កសិកម្ម ពាណិជ្ជកម្ម សិល្បះ ជំនាញ) ។ល។ យើងមុខជានៅល្ងង់អស់មួយជីវិត ។
            ក្បួនដែលនាំឲ្យកើតមានប្រាជ្ញា មាន ៤ គឺ :
                 -    សុ        ស្តាប់
                 -    ចិ          គិត
                 -    បុ          សួរ
                 -   លិ        កត់
ពាក្យទាំង ៤ នេះ ជាភាសាបាលី (ធាតុដើម) សម្រាប់ឲ្យងាយចាំ : សុ-ចិ-បុ-លិ ។
-       ស្តាប់: សម្តីដែលគេនិយាយមកកាន់យើង បើយើងមិនតាំងចិត្តស្តាប់ឲ្យ​មែនទែនទេ​ ប្រាដកជាចាប់ន័យមិនបានទាំងអស់ឡើង;
-       គិត: ស្តាប់បានហើយ ត្រូវយកសម្តីនោះ មកពិចារណាមើល: តើគួរជឿ ឬមិនគួរ ។
-       សួរ: បើបានស្តាប់ហើយ តែមិនយល់ , ត្រូវតែសួរឲ្យច្បាស់ មិនត្រូវនៅស្ងៀមទេ
-       កត់: លុះយល់ច្បាស់ហើយ ត្រូវកត់រឿងនោះទុក ក្រែងលោភ្លេចទៅថ្ងៃក្រោយ។

(រសជាតិភាសាខ្មែរ)
 
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks