Social Icons

twitterfacebookgoogle pluslinkedinrss feedemail

Friday, June 10, 2011

សុភាសិត ទី​ ១៣១

ដូចចាក់ទឹកលើក្បាលទា
អត្ថាធិប្បាយ
            នេះជាពាក្យដែលគេតែងនិយាយសំដៅទៅលើមនុស្សខ្លះដែលខ្វះការវាងវៃមិនចេះស្តាប់ មិនចេះចាប់​សំដី​របស់​គេឲ្យបាន។
            មនុស្សមួយជំពូក មានការលំបាកក្នុងរឿងស្តាប់ គឺថាទោះបីគេខំពន្យល់ពីរឿងតូចមួយ យ៉ាងណាក៏ដោយក៏នៅ​តែស្តាប់មិនបាន នៅតែច្របូកច្របល់ នៅតែត្រឡប់ត្រឡិន ។
            រឿងខ្លះទៀត ដែលជារឿងបច្ចេកទេសជ្រៅៗទាក់ទងនឹងគ្រឿងម៉ាស៊ីនទាក់ទងមេឃផ្កាយ ទាក់ទងអាកាស​ធាតុ។ល។ គឺជារឿងសម្រាប់មនុស្សដែលមានការចេះដឹងខ្លះៗទើបអាចស្តាប់ចាប់បាន​នូវការពន្យល់ ។ តែបើគេយក​រឿង​​ទាំងនេះទៅពន្យល់ចំពោះមនុស្ស ដែលមិនធ្លាប់រៀនសូត្រនៅសាលាសោះ គេមុខជាខកចិត្ត​មិនខាន។​ព្រោះ​ហេតុអ្វី? ព្រោះអ្នកស្តាប់ទាំងនោះ មិនអាចចាប់នូវអត្ថន័យ ឬ សាច់រឿងដែលយើងពន្យល់នោះទេ ។ ក្នុងបញ្ហាបែបនេះ គេតែងពោល ថា " ដូចចាក់ទឹកលើក្បាលទា " ។​ មានន័យថា " គ្មានជាប់អ្វីសោះឡើយ"។ បើចង់ធ្វើពិសោធមើល គេអាច​យកទឹកមួយកូនធុង រួចជះទៅលើក្បាលទាមួយហ្វូង ។ សង្កេតមើល តើឃើញទឹកសូម្បីមួយតំណក់ ជាប់នៅ​ក្បាលទា ឬ ទេ?

សុភាសិត ទី ១៣០


ដាំជើងក្រានឲ្យប្រមាណឆ្នាំង
អត្ថាធិប្បាយ
            នេះគឺជាពាក្យប្រដៅទាក់ទងទៅនឹង " កិច្ចការរស់នៅរាល់ថ្ងៃ " ។ ការប៉ាន់ឬស្មានមើលជាមុនគឺជា​កិច្ចសំខាន់​បំផុតមុនចាប់ផ្តើមធ្វើអ្វីមួយ ។ ឧបមាថាបើមានភ្ញៀវ៥នាក់ត្រូវមកបរិភោគបាយជាមួយយើងល្ងាចនេះ ត្រូវចាំបាយ​និងស្ល​ប៉ុន្មានដើម្បីឲ្យល្មមកុំឲ្យសល់ចាក់ចោល?
            " ដាំជើងក្រាន " មានន័យថា " មានគម្រោងនឹងធ្វើអ្វីមួយ " ឯពាក្យថា " ឲ្យប្រមាណឆ្នាំង " មានន័យថា ត្រូវប៉ាន់មើលតើឆ្នាំង (ប្រាក់) របស់ខ្លួន មានទំហំ ប៉ុនណា? ។
            ឆ្នាំង​ និងចង្ក្រានត្រូវមានទំហំឲ្យ " ស៊ីគ្នា " គឺថា បើឆ្នាំងតូច ចង្ក្រានក៏ត្រូវ តែតូចដែរ ។
            នៅគ្រប់​កិច្ចការ​ទាំងអស់ ត្រូវតែយករូបមន្តខាងលើនេះ មកតាំងជាក្បូនទើប កិច្ចការនោះៗ អាចសំរេច​បានដោយជោគជ័យ ។

សុភាសិត ទី ១២៩

​                                            ឃើញដំរីជុះ កុំជុះតាមដំរី
អត្ថាធិប្បាយ
            មនុស្សខ្លះលង់ទៅដោយ " ជំនោរ " គឺថាចង់ឲ្យគេកោត គេសរសើរថាខ្លួនល្អជាង មានចិត្តសប្បុរសជាង មានសទ្ធាជ្រះថ្លាជាង មិនអនត់ជាងថៅកែ " " " " ដែលគេមានប្រាក់លាននោះទេ! ។ ដោយសារជំនោរ ក៏ចំណាយប្រាក់ហួសពីសម្ថភាពរបស់ខ្លួនដើម្បីកុំចាញ់ថៅកែ " " ។ ក្រោយមកក៏កើតវិប្បដិសារី ដោយសារ​អស់ប្រាក់រលីងបណ្តាលឲ្យមានការខ្វះខាតសំរាប់ជីវភាពប្រចាំថ្ងៃរបស់ខ្លួន ។
            បុព្វបុរសខ្មែរចង់និយាយថា ដំរីមានមាឌធំហើយអាចម៏របស់វាក៏ធំដែរ។ ដំរីគឺសំដៅទៅលើមនុស្ស​ដែលមានធនធានច្រើន (អ្នកមាន) ឬអ្នកធំ ។ល។ គេអាចចំណាយប្រាក់យ៉ាងច្រើនសម្រាប់ធ្វើវិភាគទាន ។ ចំណែកយើង ដែលជាអ្នកក្រ ខ្សត់ គួរធ្វើវិភាគទានទៅតាមសមត្ថភាពរបស់យើង មិនគួរខំប្រឹងជុះ ឲ្យបាន អាចម៍ធំ ប៉ុនអាចម៍ដំរីនោះទេ ។

សុភាសិត ទី ១២៨


សេះដាច់ យកសេះតាម
អត្ថាធិប្បាយ
            សុភាសិតនេះ ចង់ពន្យល់យើងថាក្នុងការដោះស្រាយបញ្ហាដែលកើតមានឡើង ជួនកាលគេយកវត្ថុ​ដែលមាន​ភាពឬបែបប្រហាក់ប្រហែលគ្នាមកធ្វើជាជំនួយ ដូចជាបើសេះដាច់ខ្សែហើយរត់ចេញទៅ តើត្រូវធ្វើយ៉ាងណា​នឹងចាប់វាបានមកវិញ? មនុស្សមិនអាចរត់តាមសេះទាន់ទេ ។ តើធ្វើយ៉ាងណា?
            ចម្លើយ: ត្រូវជិះសេះមួយទៀត ដេញតាមសេះដែលដាច់ខ្សែនេះ ទើបចាប់បាន ។
            ពាក្យដទៃទៀតគេថា " បើបន្លាមុតត្រូវយកបន្លាជោះ " ។ រឿងទាំងនេះ មិនខុសពីស្ថានការណ៏ ដែលទាក់​ទង​នឹង​សាសនាប្រទេសកម្ពុជានាសតវត្សទី ២០ និង ៣១ នោះទេ ។ យ៉ាងណាមិញ ប្រទេសជិតខាងដែលមានបំណង​លេបយក ទឹកដីរបស់យើង គេបានអនុវត្តនយោបាយញ " សេះដាច់យកសេះតាម " នេះប្រកបដោយជោគជ័យ​ជាលំដាប់ ។ តើគេធ្វើយ៉ាងណាខ្លះ?

សុភាសិត ទី ១២៧


ក្របីបាត់ ទើបធ្វើរបង
ដល់ពេលប្រឡង ទើបស្វាធ្យាយ
លុះពេលចេញដើរ ទើបវេចសំពាយ
បីនេះ អន្តរាយ អសារឥតការ
អត្ថាធិប្បាយ
            សុភាសិតនេះ ជាពាក្យងាយយល់ មិនត្រូវការពន្យល់វែងឆ្ងាយទេ ។ ដោយសង្ខេប បុព្វបុរស​យើង​ចង់ទូន្មាន​យើងថា " ត្រូវមានការប្រុងប្រៀបទុកជាមុន  កុំចាំឲ្យអន្តរាយកើតមានរួចទៅហើយ ទើបស្ទុះស្ទា រត់ជើងបីជើងបួន រករបៀបការពារ វាគ្មានបានប្រយោជន៏អ្វីទេ! ។ គួរធ្វើរបងការពារក្របីឲ្យបានមាំកុំឲ្យចោរលួចបាន មិនត្រូវធ្វើរបង​ក្រោយពេលដែលចោរលួចយកទៅបាត់ហើយនោះទេ ។
            ជាសិស្ស ត្រូវខំរៀនមុនពេលប្រឡង បើដល់ថ្ងៃប្រឡងទៅហើយ ទើបចាប់រៀន តើសង្ឃឹមថាជាប់ឬទេ?
            ឯការធ្វើដំណើរទៅកាន់ទីឆ្ងាយក៏ដូចគ្នា គួររៀបចំសំពាយ (អីវ៉ាន់) ឲ្យបានរួចស្រេចមុនពេលចេញដំណើរ មិនត្រូវរង់ចាំរហូតដល់ម៉ោងចេញ ទើបស្ទុះស្ទាររៀបចំនោះទេ ។ បើមិនដូច្នេះទេ អីវ៉ាន់ជាច្រើន​ដែលត្រូវយក​ទៅជា​មួយខ្លួន​ មុខជាមិនបានទៅជាមួយខ្លួនឡើយ !

សុភាសិត ទី ១២៦


ឈាមស្រែក ស្បែកហៅ
អត្ថាធិប្បាយ
            សុភាសិតនេះ ពោលសំដៅទៅលើបាបកម្មដែលជនណាម្នាក់ធ្វើ ។ ព្រះពុទ្ធសាសនាបានបញ្ជាក់ថា ជនណា សាងបាបកម្ម បាបកម្មនឹក្លាយទៅជាស្រមោលអន្ទោលតាមប្រាណជននោះគ្រប់ជំហានជើង មិនអាចបណ្តេញ ចេញបានឡើយ ។
            ជនណាដែលធ្លាប់កាប់សម្លាប់ លួចប្លន់ ឆបោក ។ល។ អ្នកដទៃ កាលពីអតីតកាល អំពើទាំងនេះ ទោះបី ខំលាក់យ៉ាងណាក៏ដោយ ក៏លាក់មិនជិតដែរ! ។ ភាគច្រើន សាមីខ្លួនតែងយករឿង ទាំងនេះមកតំណាលប្រាប់មិត្រ សម្លាញ់ខ្លួនក្នុងបំនងឲ្យគេកោតស្នាដៃ ឬទឹកចិត្តក្លាហានរបស់ខ្លួន ។
            ចំពោះការពិសោធន៏ផ្ទាល់ខ្លួនរបស់ខ្ញុំ បានស្តាប់រឿងបែបនេះពីតាម្នាក់ដែលមានអាយុ ៧០ប្លាយទៅហើយ រៀបរាប់រឿងឃាដកម្មដែលគាត់បានធ្វើទៅលើមនុស្សជាច្រើននាក់ កាលគាត់នៅកំឡោះ ។ គាត់កាប់ក្បាលគេនឹងពូថៅ  ចាក់នឹងកាំបិត វាយនឹងដំបង ។
            ការដែលលើកយករឿងអាថ៌កំបាំង មកប្រាប់អ្នកឯទៀតយ៉ាងនេះ ខ្មែរបូរាណឲ្យឈ្មោះថា "ឈាមស្រែក ស្បែកហៅ " មានន័យថា ឈាមរបស់ជននោះ បណ្តាលឲ្យគាត់ស្រែកប្រាប់ គេ ឯង  ហើយស្បែករបស់គាត់ជំរុញឲ្យ គាត់ហៅគេមកសងបំណុលចាស់នោះវិញ ។ បើនៅសហរដ្ឋ ពត៌មានដែលគាត់បានផ្តល់ឲ្យគេយ៉ាងនេះ ចាត់ទុកជា សក្ខីភាពមួយដែលអាចឲ្យអាជ្ញាធរចាប់ខ្លួនយកទៅឲ្យតុលាការកាត់ទោសតាមច្បាប់ ។
            ភាគច្រើន មនុស្សធ្វើអំពើទុច្ចរិតធំៗ(ឃាដកម្ម ) កម្ររួចខ្លួនណាស់ គ្រាន់តែយូរ និងឆាប់មុខជាត្រូវគេ រកមុខឃើញថ្ងៃណាមួយមិនខាន ។

Thursday, June 9, 2011

សុភាសិត ទី ១២៥


ស្តាប់មិនទាន់ជាក់ កុំអាលញាក់ចិញ្ចើម ប្រពន្ធមិនទាន់ផើម កុំអាលរកអុសទុកមុន
អត្ថាធិប្បាយ
            ពាក្យគន្លឹះក្នុងសុភាសិតនេះ គឺ "ញាក់ចិញ្ចើម " ។ បើយើងនិយាយតាមប្រពៃណីខ្មែរ កាលណាគេញាក់ចិញ្ចើមដាក់គ្នា វាមានន័យថា " មែនហើយ ប្រាកដជាយ៉ាងហ្នឹងហើយ ប៉ាច់ហើយ ចំហើយ ម៉ាច់ហើយ  ចំប្លង់ហើយ! "
            ញាក់ចិញ្ចើម គឺជាភាសាមួយគ្មានសម្លេង ប្រើតែកាយវិកាជាសញ្ញាឲ្យអ្នកឯទៀតយល់ចិត្តថ្លើមរបស់ខ្លួន យល់ស្របឬជំទាស់? ។
            សុភាសិតខាងលើ ចង់ប្រដៅយើងថា " ត្រូវមានការហ្មត់ចត់ " កុំចេះតែស្មាន កុំចេះតែនិយាយ កុំចេះតែជឿ ត្រូវស្តាប់ឲ្យច្បាស់ ត្រូវយល់ឲ្យច្បាស់ ។ល។ មុននឹងញាក់ចិញ្ចើមដាក់គ្នាព្រោះការមិនច្បាស់វាអាច   ផ្តល់លទ្ធផលមិនល្អច្រើនយ៉ាងដល់ខ្លួន ។
            " ប្រពន្ធមិនទាន់ផើម កុំអាលរកអុសទុកមុន " មានន័យថា កិច្ចការអ្វីក៏ដោយត្រូវតែមានការរៀបចំទុកជាមុន មិនត្រូវរង់ចាំរហូតដល់នាទីចុងក្រោយបំផុតនោះ ទេ ។ នេះជាការត្រឹមត្រូវ ។ ប៉ុន្តែបើយើងរៀបចំទុកមុន យូរឆ្ងាយពេកក៏ចាត់ទុកថាមិនល្អដែរ ។ ឧបមាថាយើងបានណាត់ពេលទៅជួបគ្រូពេទ្យនៅម៉ោង ២ រសៀល ។ បើយើងទៅរង់ចាំគាត់ តាំងពីម៉ោង ១០ ព្រឹក តើសមហេតុផលឬទេ?
            ក្នុងរឿងប្រពន្ធផើម ជាការល្អគួររកអុសទុកមួយខែមុនពេលឆ្លងទន្លេ ។ រយៈពេល១ខែនេះ អាចចាត់ទុកថាសមហេតុផល ។ តែបើប្រពន្ធមិនទាន់ផើមផងហើយខ្លួនទៅរកអុសមកទុកបំរុងយូរយារយ៉ាងនេះ មិនចាត់ទុកត្រឹមត្រូវទេ ។

សុភាសិត ទី ១២៤


កុំពត់ស្រឡៅ កុំប្រដៅស្រីខូច
អត្ថាធិប្បាយ
            សុភាសិតនេះ បើតាមយោបល់ខ្ញុំ ហាក់ដូចទម្លាក់ទម្ងន់ទៅលើស្ត្រីភេទ ច្រើនជាង , ព្រោះថា តាមធម្មតាមនុស្សខូច ទោះបីប្រុសក៏ដោយ ស្រីក៏ដោយ មិន ងាយនឹងទាញ ឲ្យវិលត្រឡប់មកផ្លូវធម្មតាវិញ ដោយស្រួលៗឡើយ ។
            ទោះបីយ៉ាងណា , សុភាសិតនេះ ចង់និយាយថា ធម្មតាស្រីខូច (សំដៅស្រី ពេស្យា ស្រីក្បត់ប្តី) មិនងាយនឹងទាញឲ្យលះបង់ចរិយានេះចោលបានទេ ។ គេនឹងនៅតែធ្វើដដែល រហុតដល់ពេលមួយ ដែលគេជួបនឹងការពិសោធន៏ជូរចត់ បែបណាម៉្យាង ដោយខ្លួនគេ ទោះគេចាប់កែប្រែ ។
            ការប្រដៅស្រីខូច មិនខុសពីការ " ពត់ស្រឡៅ " នោះទេ , ព្រោះស្រឡៅ ជាឈើស្រួយ ហើយរឹង , ទោះបីខំពត់យ៉ាងណា ក៏ស្រឡៅមិនព្រម " ង ឬ កោង " ទៅតាមបំណងអ្នកពត់ទេ ។ បើនៅចចេសខំពត់ឲ្យខ្លាំងលទ្ធផលគឺ " បាក់ "

សុភាសិត ទី ១២៣


.សងបំណុលចាស់​​​ .បុលបំណុលថ្មី .បោះក្នុងជ្រោះជ្រៅ .កប់ក្នុងផែន

អត្ថាធិប្បាយ
           នេះជាពាក្យប្រៀនប្រដៅរបស់បុព្វរបុសខ្មែរ ក្នុងរឿងរក្សាទ្រព្យដែលយើងរកបានមកជាពិសេសគឺសំដៅទៅលើ​រឿង«លុយកាក់»
            តាមក្បូនជីវិត បុព្វបុរសខ្មែរណែនាំថាលុយកាក់ដែលយើងរកបានមកត្រូវបែងចែកជា៤ ចំណែកដូចតទៅនេះ ៖
           -សងបំណុលចាស់:ជាចំណែកមួយសម្រាប់ថែរក្សាមាតាបិតាចាស់ជរាលែងធ្វើការ​អ្វីកើតព្រោះគាត់បាន​ថែរក្សា​​​​ចិញ្ចឹមយើងចាប់ពីថ្ងៃ"ពពោះ"រហូតដល់ថ្ងៃរៀបអាំពាហ៏ពិពាហ៏ឬហួសពីពេលនេះទៅទៀត ។ រយះពេលដ៏យូរ​នេះ​គឺជា "គុណ"មួយដែលកូនទាំងឡាយបានជំពាក់ហើយត្រូវតែសងវិញ។ នេះគឺ ជាច្បាប់មនុស្សជាតិធ្វើឡើង​ដើម្បី​ផ្តល់​​សុខ​តៗគ្នា យ៉ាងនេះដរាបទៅ ។
            -បុលបំណុលថ្មី:ជាចំណែកមួយសម្រាប់ថែរក្សាចិញ្ចឹមកូនប្រុសស្រីដែលយើងបាបបង្កើតគេមក ។ ការថែរក្សា​ចិញ្ចឹមតម្រូវឲ្យមានការចំណាយធនធាន និងកម្លាំងអស់រយៈពេលដ៏យូរដូចយើងបានដឹងគ្រប់គ្នាហើយ ។
           -បោះក្នុងជ្រោះជ្រៅ:ជាចំណែកមួយដែលត្រូវសន្សំទុកសម្រាប់ប្រើប្រាស់ ពេលវ័យចាស់ជរាមកដល់។​បើមិន​លៃ​ទុក​​របៀបនេះទេ ជីវិតនឹងមានការ លំបាកវេទនាយ៉ាងច្រើននៅពេល​ដែលខ្លួនចាស់ ហើយត្រូវពឹងលើអ្នកឯទៀត (កូន) ទាំងស្រុង ។
            - កប់ក្នុងផែនដី:ជាចំណែកមួយសម្រាប់កិច្ចការខាង "សង្គមកិច្ច " ដែលតម្រូវឲ្យមានការចំណាយក្នុងផ្នែក​ផ្សេងៗ​ មានជាំអាទិ៍ ដូចតទៅនេះ ៖
            - បុណ្យទានទាក់ទងផ្លូវសាសនា ដែលញាតិមិត្រឬ អ្នកជិតខាងបានហៅរកយើងឲ្យទៅចូលរួម ។
            - ការកសាងសំណង់អ្វីមួយសម្រាប់ប្រយោជន៏សាធារណៈ (មន្ទីរពេទ្យ សាលារៀន មន្ទីរបណ្តុះវិជ្ជា  មន្ទីរស្រាវ​ជ្រាវ សាលាសំណាក់ ។ល។
            នេះគឺជាករណីយកិច្ច របស់មនុស្សម្នាក់ៗ ក្នុងការថែរក្សាគុណសម្បត្តិ មនុស្សឲ្យឋិតថេរចីរកាល តទៅឥតមាន​ពេល​អវសាន។ ព្រោះហេតុអ្វី? ព្រោះដើម្បីសេចក្តីសុខ ចំពោះយើងទាំងអស់គ្នា នៅពេលចាស់ជរាពេលមានវិបត្តិ ពេល​អាសន្ន ។ល។ ដែលមនុស្សរាល់រូបតែបានទទួល ។

សុភាសិត ទី ១២២


ឆ្អិនក្បាលស៊ីក្បាយ ឆ្អិនកន្ទុយស៊ីកន្ទុយ

អត្ថាធិប្បាយ
            ពាក្យនេះ ពោលសំដៅទៅលើចរិករបស់មនុស្សមួយពួកដែល៖
            - គ្មានការពិចារណារកខុសត្រូវវែងឆ្ងាយទេ គ្មានក្រែងបារម្ភចិត្តអ្នកណាទេ ត្រូវនឹងពាក្យសាមញ្ញ និយាយថា " ប៉ះអីយឹតហ្នឹង " គ្មានឈឺក្បាល គ្មានអៀនខ្មាស់អ្វីទាំងអស់
            អ្វីក៏ដោយឲ្យតែគាត់ចង់បាន គាត់រកឧបាយស្រវាយកឲ្យទាល់តែបានទោះបីមាន​ការប៉ះពាល់ដល់ចិត្តថ្លើមអ្នក​ឯទៀត​ យ៉ាងណាក៏ដោយ គាត់ឥតឈឺក្បាលទេ ។ គេប្រដូចមនុស្សនេះទៅនឹងរឿងអាំងត្រី ។​ តាមធម្មតា កាលណា​យើង​​អាំងត្រី យើងរង់ចាំរហូតត្រីនោះឆ្អិនសព្វគ្រប់ពីក្បាលដល់កន្ទុយទើបយើង យកទៅបរិភោគ ។
            ផ្ទុយទៅវិញ មានមនុស្សប្រភេទខ្លះមិនរង់ចាំរបៀបនេះទេ គឺថាបើត្រីចាប់ឆ្អិនត្រង់កន្ទុយមុន​គេនឹងបរិភោគត្រង់​កន្លែង​នោះមុខ ។ នេះគ្រាប់តែជាពាក្យឧបមា ។

សុភាសិត ទី ១២១

 ​                                          ណាស់ដើម ណាស់ចុង
អត្ថាធិប្បាយ
           នេះជាពាក្យប្រដៅដែលខ្ញុំនៅចាំពីគ្រូរបស់ខ្ញុំលោកតែងនិយាយពាក្យនេះស្ទើរតែគ្រប់ពេលថា បើអ្នកឯងចង់ធ្វើខ្លួនឲ្យអ្នកផងស្រឡាញ់រាប់អានមិនត្រូវ " ណាស់ដើម " ទេពីព្រោះវាអាចនាំឲ្យ"ណាស់ចុង" !
            តើពាក្យនេះ មានន័យយ៉ាងណា?​ 
​      នៅពេលចាប់ផ្តើមកិច្ចការអ្វីមួយ ជាពិសេសការចងមិត្រជាមួយជនណាម្នាក់ គេ​មិន​គួររាប់អាន ឲ្យហួសហេតុពេក​ទេ គេមិនគួរលូកលើស្មើក្រោមជាមួយមិត្រនោះទេគេមិនគួរអើត ឈ្ងោកព្រឹកល្ងាច រាល់​ថ្ងៃនោះទេ។ ការស្និទ្ធស្នាល​ហួស​​ស្រឡាញ់ហួស​ទូលាយហួស តឹងហួស ច្រើនហួស តិចហួស។ល។ នៅគ្រា​ដំបូង​ចាត់ជា"ណាស់ដើម"។ លទ្ធផល​គឺ "ណាស់​ចុង"គឺថា បើស្រឡាញ់ពេក មុខជាបានទទួលផល "ស្អប់ពេក "នៅទី​បញ្ចប់។
           ដូច្នេះមជ្ឈិមាបដិបទាផ្លូវកណ្តាល (មិនល្អពេកមិនតឹងពេកមិនអាក្រក់ពេក)។ល។ គឺជាបន្ទាត់ នាំយើងឲ្យសុខជា​មួយ​គ្នា​បានយូរអង្វែង ។
 
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks